បើកដំណើរការថ្ងៃដំបូង ព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរស្វាគមន៍ជើងហោះហើរចំនួន១៧

0

        ដោយៈ គង់ សូរិយា

        សៀមរាបៈ ព្រលានយន្តហោះសៀមរាប អង្គរតម្លៃ១១០០លាន​ដុល្លារអាមេរិក បានបើកដំណើររការជាផ្លូវការហើយ នៅថ្ងៃទី១៦ តុលានេះ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជារដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ក្នុងពិធីបើកឲ្យដំណើរការព្រលាននេះថា អាកាសយានដ្ឋាន​អន្តរជាតិសៀមរាបអង្គរ នឹងទទួលបានជើងហោះហើរចំនួន១៧ជើង ឬស្មើនឹង៣៤ចលនាជើងហោះហើរ (ចុះចតនិង​ហោះឡើង នៅក្នុងថ្ងៃនេះ ដោយជើងហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍ Bangkok Airways, PG903, ចុះចតនៅព្រឹកនេះ ជាជើងយន្តហោះពាណិជ្ជកម្មដំបូងបំផុត ដែលបានចុះចតនៅអាកាស​យានដ្ឋានដ៏ថ្មី សន្លាងរបស់​កម្ពុជា។

លោកបានគូសបញ្ជាក់ថា “ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ មិនត្រឹមតែគិតលើតម្រូវ​ការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្ដង់ដា​អន្តរជាតិ លំដាប់ប្រភេទ៤ម៉ី (4E និងតម្រូវការ ដើម្បីបម្រើការហោះហើរគ្រប់ប្រភេទ ចាប់តាំងពីអាកាសយាន ប្រភេទតូច ដល់ប្រភេទធំៗ ដូចជា Airbus 350 ឬ Boeing 787 ជាដើម និងសម្រាប់ទទួលជើង​ហោះហើរក្នុង​តំបន់ និងជើងហោះហើរឆ្ងាយៗ  (Long Haul Flights)”។ អាកាសយានដ្ឋាននេះ មានសមត្ថភាពទទួលអាកាសយានចំនួន៣៨ ចំណត ទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ។ អាចផ្ទុកទំនិញតាមផ្លូវអាកាស បានចំនួន១០,០០០តោនក្នុងឆ្នាំ២០២៤ និង២៦,០០០តោន ក្នុងឆ្នាំ២០៤០ខាងមុខ នឹងគ្រោងទទួលជើងហោះហើរបានចំនួន៦៥,០០០ជើង ក្នុងឆ្នាំ២០២៤ និង១១២,០០០ ជើងក្នុងឆ្នាំ២០៤០ តាមការព្យាករណ៍ទុក។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន១,១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT ក្នុងរយៈពេល៥៥ឆ្នាំ។ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសបានចំនួនជិត៣,៧លាននាក់ កើនឡើង១៦២% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើង ហោះហើរចំនួន ៣៧,២០០ ជើង កើនឡើង ១០២% ធៀបនឹងរយៈ​ពេលដូចគ្នា ក្នុងឆ្នាំ២០២២។ក្នុងដើមខែតុលា ឆ្នាំ២០២៣ ប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរជាតិ និងអន្តរជាតិ និងទំនិញតាមផ្លូវអាកាស ជាមធ្យមមានចលនា ជើងហោះហើរចំនួន៨៥០ជើងក្នុងមួយសប្តាហ៍ ចេញនិងចូល​អាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣០ក្រុមហ៊ុន ដែលកំពុង​តភ្ជាប់ជើងហោះហើរឡើងវិញ ពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងរដ្ឋកាតាផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ៅ ហាវណ្ណាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here