ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រតិបត្តិករផ្សារទំនើបដ៏ធំបំផុត របស់ប្រទេសថៃគឺក្រុមហ៊ុន Central Pattana Plc (CPN) គ្រោងបោះទុនវិនិយោគចំនួន៣ពាន់លានបាត (ប្រហែល៨៣លានដុល្លារ) ក្នុងខេត្តភាគឦសាន Nakhon Phanom និង Nong Khai ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរមកពីប្រទេសឡាវ។
កាសែត Bangkok Post បានរាយការណ៍ថា ក្រុមហ៊ុនកំពុងធ្វើការលើការបើកផ្សារទំនើបថ្មីមួយនៅខេត្ត Nong Khai ក្នុងឆ្នាំ២០២៤ ជាមួយនឹងទុនវិនិយោគចំនួន១ពាន់លានបាត (ប្រហែល២៧លានដុល្លារអាមេរិក) ។
លោក Tos Chirathivat នាយកប្រតិបត្តិនៃក្រុមហ៊ុន Central Group អះអាងថា “ខេត្ត Nong Khai មានទំហំពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសឡាវខ្ពស់បំផុត ពោលគឺមិនតិចជាង៨០ពាន់លានបាតក្នុងមួយឆ្នាំនោះទេ។ ខេត្តនេះ បានទាក់ទាញភ្ញៀវទេសចរជាង២លាននាក់ក្នុងមួយឆ្នាំៗ និងរកប្រាក់ចំណូលបានពីទេសចរណ៍ជាង៣,៣៥ពាន់លានបាត”។លោក Tos បានបន្ថែមថា ផ្សារទំនើបមួយទៀតគ្រោងនឹងបើកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៃខេត្ត Nakhon Phanom ក្នុងត្រីមាសទី៤ ឆ្នាំ 2024 ជាមួយនឹងទុនចំនួន២ពាន់លានបាត (ប្រហែល៥៥លានដុល្លារអាមេរិក)។
លោក Tos បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រុមហ៊ុន Central Group ថា “ការអភិវឌ្ឍផ្សារទំនើបដើរតួយ៉ាងសំខាន់ ក្នុងការបង្កើនសក្តានុពលរបស់ខេត្ត Nakhon Phanom ក្នុងការក្លាយទៅជាទីក្រុងទាន់សម័យនៅតំបន់ Isan ប្រទេសថៃ”។
នាយកប្រតិបត្តិរូបនេះបានបន្ថែមថា ការវិនិយោគរបស់ក្រុមហ៊ុន Central Group នៅខេត្ត Nakhon Phanom និងខេត្ត Nong Khai មានគោលបំណងប្រែក្លាយខេត្តទាំង២នេះ ទៅជាគោលដៅទេសចរណ៍ និងជំរុញសេដ្ឋកិច្ចនៅក្នុងអនុតំបន់។
ទោះបីជាតម្លៃទំនិញកើនឡើង និងអតិផរណាហក់ឡើងខ្ពស់យ៉ាងណាក្តី ក៏ប្រជាជនឡាវជាច្រើន បានបន្តធ្វើដំណើរទៅកាន់ប្រទេសថៃ៕