ដោយ: គង់ លាងហួរ
បាងកក: ក្រសួងឧស្សាហកម្មថៃកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការហូរចូលនៃទំនិញថោកៗ ដែលមិនមានស្តង់ដារចូលទៅក្នុងប្រទេសថៃក្នុងរយៈពេល៦ខែខាងមុខដើម្បីការពារឧស្សាហកម្មក្នុងស្រុក និងអ្នកប្រើប្រាស់។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃ លោកស្រី Pimphattra Wichaikul បានលើកឡើងថា ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ដែលថាផលិតផលទាំងនេះកំពុងប៉ះពាល់ដល់សហគ្រិនថៃនៅក្នុងឧស្សាហកម្មជាច្រើនក៏ដូចជាអ្នកប្រើប្រាស់។
ទោះជាយ៉ាងនេះក្តីលោកស្រីមិនបានបញ្ជាក់លម្អិតថាអ្នកនាំចូលបានទិញទំនិញបែបនេះមកពីប្រទេសណានោះទេដោយនិយាយយ៉ាងទូលំទូលាយថា ទំនិញទាំងនេះមានប្រភពមកពីប្រទេសជិតខាង។ លោកស្រី Pimphattra បានណែនាំឲ្យវិទ្យាស្ថានស្តង់ដារឧស្សាហកម្មថៃ (TISI) សហការជាមួយនាយកដ្ឋានគយ ដើម្បីត្រួតពិនិត្យគុណភាពទំនិញនាំចូល ជាពិសេសទំនិញដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ TISI ។
លោកស្រីបានបន្តថា“យើងបានកំណត់គោលដៅដើម្បីលុបបំបាត់ផលិតផលដែលមិនមានស្តង់ដារទាំងអស់ចេញពីទីផ្សារក្នុងស្រុកក្នុងរយៈពេលប្រាំមួយខែ”។
លោក Wanchai Phanomchai អគ្គលេខាធិការស្តីទីនៃវិទ្យាស្ថានស្តង់ដារឧស្សាហកម្មថៃ (TISI) បានបញ្ជាក់ថា មានផលិតផលចំនួន១៤៣ ស្ថិតក្រោមត្រួតពិនិត្យដោយ TISI ដែលនឹងត្រូវបានពិនិត្យ និងបញ្ជាក់ដើម្បីធានាថា ផលិតផលទាំងនោះបានបំពេញតាមស្តង់ដារគុណភាព និងសុវត្ថិភាព។ លោកបន្តថា បន្ថែមពីលើបទប្បញ្ញត្តិតឹងរ៉ឹងលើទំនិញនាំចូល វិទ្យាស្ថានក៏នឹងរឹតបន្តឹងការត្រួតពិនិត្យផលិតផល ទាំងលក់នៅលើទីផ្សារ និងតាមរយៈប្រព័ន្ធអនឡាញផងដែរ។
យោងតាម TISI បានឱ្យដឹងថា អ្នកនាំចូលដែលបន្តនាំយកទំនិញដែលមិនមានស្តង់ដារត្រូវជាប់ពន្ធនាគារអតិបរមាពីរឆ្នាំ និង/ឬត្រូវផាកពិន័យជាទឹកប្រាក់រហូតដល់២លានបាត(ប្រហែល៥៤.៧៧៥ដុល្លារអាមេរិក)។ ចំណែក ពាណិជ្ជករក្នុងស្រុកដែលត្រូវបានគេរកឃើញថាមានកំហុសក្នុងការលក់ទំនិញទាំងនេះអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់៦ខែ និង/ឬត្រូវពិន័យជាប្រាក់អតិបរមាចំនួន៥០មុឺនបាត។
កាលពីមុន សហព័ន្ធឧស្សាហកម្មថៃ (FTI) ធ្លាប់បានអំពាវនាវឱ្យអាជ្ញាធរដោះស្រាយការហូរចូលនៃទំនិញមកពីប្រទេសចិន ដែលមានតម្លៃថោក ដើម្បីការពារអាជីវកម្មក្នុងស្រុក ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs)។ FTI អះអាងថា សហគ្រាសធុនតូច និងមធ្យមជាច្រើនកំពុងជួបការលំបាកក្នុងការងើបឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាត និងកង្វះសាច់ប្រាក់ងាយស្រួល ហើយពួកគេត្រូវការការការពារពីទីផ្សារ ដែលកំពុងពោរពេញទៅដោយទំនិញនាំចូលក្រោមស្តង់ដារ៕