ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា គ្រោងនឹងដាក់ឲ្យអនុវត្តជាផ្លូវការនូវរបបភាគទានស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោន៍ ដែលរកប្រាក់ចំណូលដោយខ្លួនឯង (អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ) និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ដើម្បីទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងអត្ថប្រយោជន៍ផ្សេងៗទៀត។
កម្មវិធីនេះ នឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។
ដើម្បីទទួលបានអត្ថប្រយោជន៍ខាងលើនេះ បុគ្គលស្វ័យនិយោជន៍អាចស្នើសុំចុះបញ្ជីការ នៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយត្រូវអនុវត្តតាមលក្ខខណ្ឌរួមមាន ទី១ ត្រូវមានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល ទី២ ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក ទី៣ ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស.។
ទី៤ សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) និងតម្រូវឲ្យបង់ថ្លៃចំនួន ១៥ ៦០០រៀល ក្នុង១ខែ ដើម្បីទទួលបានរបបសន្តិសុខសង្គម។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រៅពីការផ្តល់របបសន្តិសុខសង្គមខាងលើនេះ យោងតាមអនុក្រឹត្យ២៨០អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ស្តីពីលក្ខខណ្ឌបែបបទ និងនីតិវិធីនៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែរទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត រាជរដ្ឋាភិបាលក៏នឹងផ្តល់ជូននូវ ប្រាក់បំណាច់ពេលឈប់សម្រាកពេលមានជំងឺ លើកាវតាលិកអប្បបរមា ដូចដែលរៀបរាប់ខាងលើបន្ថែម។
ក្រៅពីនេះ យោងតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម មាត្រា៣៦ និងមាត្រា៥៦ បានចង្អុលឲ្យមានរបបសន្តិសុខសង្គម២គឺ របបសន្តិសុខសង្គម ផ្នែកថែទាំងសុខភាព និងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដូចនេះ ទៅថ្ងៃអនាគតច្បាស់ណាស់ បុគ្គលស្វ័យនិយោជន៍ក៏នឹងទទួលបាននូវរបបប្រាក់សោធន ដូចគ្នាទៅនឹងកម្មករ និយោជិត ក៏ដូចជាមន្រ្តីរាជការដូចគ្នាដែរ។
ដោយឡែក យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាយុយ៉ាងតិច១៥ឆ្នាំ និងអាចចុះឈ្មោះតាមឃុំ សង្កាត់ ដែលខ្លួនរស់នៅ ឬនៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ឬតាមប្រព័ន្ធអេឡិចត្រូនិច ដែលមានមុខជំនាញចំនួនប្រមាណជាង៦០ ដូចជា ជំនាញសំណង់ អគ្គិសនី កម្មន្តសាល មេកានិច កសិកម្មនិងកសិឧស្សាហកម្ម ជួសជុលរថយន្ត និងតំឡើងប្រព័ន្ធទឹកជាដើម។ល។
បន្ថែមពីនេះ ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងអាចទទួលបានការបណ្ដុះបណ្ដាលជំនាញ ដោយមិនបង់ប្រាក់ថ្លៃ និងទទួលបានប្រាក់ឧបត្ថមុ្ភប្រចាំខែ បន្ថែមទៀតពីរាជរដ្ឋាភិបាលផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅបានថ្លែងថា ការជួយប្រជាពលរដ្ឋប្រករបរ និងធ្វើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម សំដៅលើការជួយប្រជាពលរដ្ឋ ដែលមានជីភាពកម្រិតទាបឱ្យកាន់តែមានជីវភាពខ្ពស់ ដើម្បីបង្ខិតគម្លាតជីវភាព តាមរយៈការជំរុញផលប្រយោជន៍ផ្សេងៗ បានទៅដល់ដៃជនក្រីក្រ និងងាយរងគ្រោះ។
សម្តេចបន្តថា បន្ថែមពីនេះ គឺការពង្រឹងភាពធន់នៃសេដ្ឋកិច្ចសង្គជាតិ ពីព្រោះពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាអ្នកងាយរងផលប៉ះពាល់ពីវិបត្តិផ្សេងៗ ដូចជាកូវីដ-១៩ជាដើម ដូច្នេះរដ្ឋត្រូវរកពួកគាត់ឱ្យឃើញ ហើយត្រូវពង្រឹងសមត្ថភាព និងភាពធន់។ សរុបសេចក្ដីមក ការចុះបញ្ជីរបស់ប្រជាពលរដ្ឋ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីរៀបចំផែនការជួយឱ្យបានចំគោលដៅ ចំតម្រូវការ និងទាន់ពេលវេលា។
ក្នុងជំហានដំបូងនៃការអនុវត្តយុទ្ធសាស្រ្តជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ រាជរដ្ឋាភិបាលបានកំណត់វិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារ មានដូចជា ផ្នែកសហគ្រាស ផ្ដល់សេវាកម្មស្នាក់នៅនិងអាហារ អ្នកបម្រើសេវាកម្មភេសជ្ជៈកំសាន្ត ម៉ាស្សា ជាងកាត់សក់ អ្នករត់ម៉ូតូឌុប/កង់បី អាជីវករលក់តាមផ្សារ អ្នកសារព័ត៌មាន អាជីវករចល័តតាមដងផ្លូវ អ្នកបម្រើសេវាតាមរោងការ និងពលករក្នុងវិស័យកសិកម្ម៕