សម្តេចធិបតីហ៊ុន ម៉ាណែតជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនខ្នាតយក្សជាច្រើន ដើម្បីទាក់ទាញការវិនិយោគមកកម្ពុជា

0

ដោយៈ គង់ សិរីជេស៊ីកា

        ប៉េកាំងៈ ក្នុងដំណើរអញ្ជើញទៅចូលរួមខួបលើកទី១០ នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅប្រទេសចិន សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាត្តឲ្យក្រុ​មហ៊ុនចិនធំៗជាច្រើនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅថ្ងៃទី១៦ តុលា ម្សិលម៉ិញនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតអោយ លោក ចូវ ឡី (Zuo Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនChina Datang Co.,Ltd. ចូលសម្តែងការគួរសម និងពិភាក្សាការងារ ។
នៅថ្ងៃដដែលនេះសម្តេចបានអនុញ្ញាត្តឲ្យ លោក កឺ ហាវជែវ (Ge HaiJiao) ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារចិនគ្រុប ចូលសម្តែងការគួរសម និងពិភាក្សាការងារ ។ នេះគឺជាជំនួបទី៣ ក្នុងថ្ងៃទី១ នៃការអញ្ជើញដល់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3o BRF) សម្រាប់កិច្ច សហប្រតិបត្តិការអន្តរជាតិ ក្រោមមូលបទ “កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាព ខ្ពស់ ៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម”។

ក្នុងជំនួបជាបន្តបន្ទាប់នោះ សម្តេចធិបតីបានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនCMECរបស់ចិន ដែលគ្រោងវិនិយោគទឹកប្រាក់ប្រមាណ៣,០០០ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាសនៅកម្ពុជា។ នៅក្នុងជំនួបនៅថ្ងៃទី១៧  តុលា ​ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក វ័ង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Machinery Engineering Corporation (CMEC) នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែល សម្ដេចធិបតី អញ្ជើញចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោក Wang Bo បានគោរពជម្រាប សម្ដេចធិបតី ថា ក្នុងរយៈពេល១០ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួម ជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ ក្នុងទំហំទឹកប្រាក់ប្រ​មាណ៣,០០០លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាសនៅកម្ពុជា។ក្រុមហ៊ុន CMEC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនSINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានធ្វើការវិនិយោគ ក្នុងគម្រោងជាច្រើននៅកម្ពុជា។

នៅក្នុងឱកាសដ៏កម្រនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក លី ខ័រ (Li Kuo) ប្រធានក្រុមហ៊ុន China Metro Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅថ្ងៃដដែលផងដែរ។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានអនុញ្ញាតឱ្យ លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរនៅថ្ងៃដដែលនេះ។ ទន្ទឹងនឹងពេលជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុញ្ញាតអោយ ឯកឧត្តម ខាង ហ៊ូពាវ (Kang Hubiao) ប្រធានក្រុមប្រឹក្សាភិបាលគណៈកម្មការនាយកក្រុមហ៊ុន Genertec International Holding Co., Ltd.  ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here