ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលផ្ទះអាជីវកម្ម នៅទីក្រុងហូជីមិញបានដាំក្បាលចុះ៣០% គិតមកទល់ពេលនេះ ក្នុងឆ្នាំនេះ ប៉ុន្តែនៅតែមានទីតាំងជាច្រើនត្រូវបានបិទ ដោយសារតែខ្វះអ្នកជួល ស្របពេលដែលមានការលំបាកផ្នែកសេដ្ឋកិច្ច។
កាលពីពេលថ្មីៗនេះ អ្នកនាង Lan បានជួលផ្ទះអាជីវកម្មរបស់គាត់ ក្នុងខណ្ឌ១ ទីក្រុងហូជីមិញ ជាមួយតម្លៃ៦៥លានដុង ក្នុងមួយខែ ពោលគឺដាំក្បាលចុះ២៦% បើធៀបនឹងមុនផ្ទុះជំងឺកូវីដ-១៩ បន្ទាប់ពីគាត់បានទុកផ្ទះនោះចោល អស់រយៈពេល២ខែ ដោយសារមិនអាចរកអ្នកជួលបាន។
អ្នកនាងអះអាងថា “ប្រសិនបើខ្ញុំមិនបញ្ចុះថ្លៃទេ ទាំងអ្នកជួល ទាំងខ្ញុំនឹងជួបការលំបាក ហើយខ្ញុំនឹងមិនមានអ្នកជួលទេ ខណៈពេលដែលពួកគេនឹងមិនមានធនធានគ្រប់គ្រាន់ ដើម្បីបន្តអាជីវកម្មរបស់ខ្លួន”។
ផ្ទះអាជីវកម្មនោះស្ថិតនៅលើផ្លូវ Le Thi Rieng ហើយធ្លាប់ពោរពេញទៅដោយហាងធ្វើសក់ ស្ប៉ាក្រចក និងហាងលក់គ្រឿងសម្អាង ប៉ុន្តែឥឡូវនេះ ផ្លូវនេះហាក់ដូចជាស្ងាត់ឈឹង ខណៈអាជីវកម្មជាច្រើនបានបិទទ្វារក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។
ចំណែក ផ្ទះអាជីវកម្មមួយ ដែលស្ថិតនៅលើផ្លូវ Cach Mang Thang Tam ខណ្ឌ១ ទីក្រុងហូជីមិញ ធ្លាប់ដាក់ជួលក្នុងតម្លៃ២០០លានដុងក្នុងមួយខែ មុនផ្ទុះជំងឺរាតត្បាត ប៉ុន្តែពេលនេះ តម្លៃជួលត្រូវបានបញ្ចុះ៣៥% មកនៅសល់ត្រឹមតែ១៣០លានដុងប៉ុណ្ណោះ ក្នុងមួយខែ។
ជាមួយគ្នានេះ ផ្ទះអាជីវកម្មជាច្រើន ដែលមានកំពស់ចាប់ពី២ ឬ៣ជាន់ នៅក្នុងទីក្រុងហូជីមិញ កំពុងស្ថិតក្នុងស្ថានភាពដូចគ្នា ដែលមានអត្រាទំនេរទុកចោលខ្ពស់ អស់ជាច្រើនខែកន្លងមកហើយ៕