ដោយៈ ជេស៊ីកា
ប៉េកាំងៈ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនChina Railway Construction Corporation (CRCC), សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើទិសដៅ នៃការអភិវឌ្ឍប្រព័ន្ធផ្លូវដែកកម្ពុជា ដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស។
ការលើកឡើងនេះ បានធ្វើកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាស ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកវ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនChina Railway Construction Corporation (CRCC) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានជម្រាបជូន សម្តេចធិបតី អំពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុននៅកម្ពុជា ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនCRCC មានគម្រោងវិនិយោគសរុបចំនួន៥៣ ជាមួយនឹងដើមទុនប្រមាណ៥.៣០០លានដុល្លារអាមេរិក។ចំពោះទិសដៅអនាគត ក្រុមហ៊ុនក៏មានផែនការវិនិយោគលើគម្រោងធំៗចំនួន៣បន្ថែមទៀត រួមមានទី១ មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យ សម្រាប់គាំទ្រដល់រដ្ឋាភិបាលអេឡិចត្រូនិក ទី២ គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត និងទី៣ គម្រោងផ្គត់ផ្គង់ទឹកស្អាត តាមបណ្តាខេត្តស្របដងទន្លេមេគង្គ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CRCC នាឱកាសនេះ ព្រមទាំងបានថ្លែងអំណរគុណ និងគាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសការវិនិយោគ ក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែក ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងវិស័យឡូជីស្ទីក ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រីក ការវិនិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានបទពិសោធន៍ និងមានលទ្ធភាព។ទាក់ទងនឹងការអភិវឌ្ឍប្រព័ន្ធផ្លូវដែក ដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើគោលដៅចំនួនពីរ ទី១ ការពិនិត្យលទ្ធភាពលើការជួសជុល និងទំនើបកម្មផ្លូវដែកដែលមានស្រាប់ និងទី២ ការសិក្សាលើការតភ្ជាប់ប្រព័ន្ធផ្លូវដែកពីភ្នំពេញ- បាវិត និងប៉ោយប៉ែត-សៀមរាប ក៏ដូចជាការតភ្ជាប់រហូតដល់ព្រំដែនវៀតណាម ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី៕