ដោយ: គង់ លាងហួរ
ប៉េកាំង: សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងក្នុងកម្រិតលឿនជាងការរំពឹងទុក នៅក្នុងត្រីមាសទី៣ ខណៈការប្រើប្រាស់ក្នុងស្រុកបានកើនឡើងកាលពីខែមុន។
នេះជាសញ្ញាបង្ហាញថា ការងើបឡើងវិញនាពេលថ្មីៗនេះ អាចនាំមកនូវថាមពលគ្រប់គ្រាន់ ដើម្បីសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំរបស់ទីក្រុងប៉េកាំង។
សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ បានចាប់ផ្តើមបង្ហាញសញ្ញានៃស្ថិរភាព ដោយសារវិធានការគោលនយោបាយថ្មីៗ ប៉ុន្តែវិបត្តិអចលនទ្រព្យ ដែលអូសបន្លាយ ភាពមិនច្បាស់លាស់លើការងារ និងប្រាក់ចំណូលគ្រួសារ និងការធ្លាក់ចុះនៃទំនុកចិត្តក្នុងចំណោមក្រុមហ៊ុនឯកជន នៅតែបង្កហានិភ័យដល់ការស្ទុះងើបឡើងវិញយូរអង្វែង។
យោងតាមទិន្នន័យ ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន បានកើនឡើង៤,៩ភាគរយ នៅក្នុងខែកក្កដា ដល់ខែកញ្ញាបើធៀបនឹងឆ្នាំមុន ពោលគឺលើសការរំពឹងទុករបស់អ្នកវិភាគ នៅក្នុងការស្ទង់មតិរបស់កាសែត Reuters សម្រាប់ការកើនឡើង៤,៤ភាគរយ។






