អត្រាការប្រាក់កម្ចីទិញផ្ទះនៅសហរដ្ឋអាមេរិក បន្តហក់ឡើងដល់៧,៥៧ភាគរយ

0

ដោយៈ សុខុម
វ៉ាស៊ីនតោនៈ អត្រាប្រាក់កម្ចីទិញផ្ទះ នៅសហរដ្ឋធាមេរិក បានហក់ឡើង៥សប្តាហ៍ជាប់ៗគ្នា កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

ការហក់ឡើងអត្រាការប្រាក់កម្ចីទិញផ្ទះ ច្រើនសប្ដាហ៍ជាប់ៗគ្នានេះកើតមានឡើង បន្ទាប់ពីការបញ្ចេញរបាយការណ៍ស្ដីពីការងារ និងអតិផរណាកាលពីពេលថ្មីៗនេះ ដែលកើនឡើងលើសការព្យាករកន្ល​ង​មក និងក្ដីរំពឹងថា អត្រាការប្រាក់ខ្ពស់រាប់ទសវត្សរ៍ អាចហក់ឡើងកាន់តែខ្ពស់ និងកាន់តែយូរ។

អត្រាការប្រាក់កម្ចីទិញផ្ទះកាន់តែខ្ពស់ កំពុងបង្កើនភាពតានតឹងបន្ថែមទៀត លើអ្នកទិញផ្ទះនាពេលបច្ចុប្បន្ន ដែលកំពុងប្រឈមមុខនឹងតម្លៃផ្ទះខ្ពស់ផងដែរ ដោយសារកង្វះស្តុកផ្ទះសម្រាប់លក់។

យោងតាមទិន្នន័យពីស្ថាប័ន Freddie Mac ឱ្យដឹងថា អត្រាការប្រាក់ថេររយៈពេល៣០ឆ្នាំ ជាមធ្យម៧,៥៧%ក្នុងសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី១២ ខែតុលា ដោយកើនឡើងពី៧,៤៩%កាលពីសប្តាហ៍មុននេះ។

កាលពីមួយឆ្នាំមុន អត្រាការប្រាក់់ថេររយៈពេល៣០ឆ្នាំ គឺស្ថិតក្នុងរង្វង់៦,៩២%។ លើកចុងក្រោយ ដែលអត្រាការប្រាក់ហក់ឡើងខ្ពស់ដល់ថ្នាក់នេះគឺនៅខែធ្នូ ឆ្នាំ២០០០។

លោក Sam Khater ប្រធានសេដ្ឋវិទូនៅស្ថាប័ន Freddie Mac និយាយថា “ដំណឹងល្អគឺថា សេដ្ឋកិច្ច និងប្រាក់ចំណូលបន្តកើនឡើងក្នុងល្បឿនដ៏រឹងមាំ។ ប៉ុន្តែទីផ្សារលំនៅឋាន នៅតែមានភាពស្រពិចស្រពិល ដោយសារកង្វះលទ្ធភាពទិញផ្ទះ”។ លោកបន្តថា “ជាលទ្ធផល តម្រូវការទិញនៅតែស្ថិតក្នុងកម្រិតទាបខ្លាំង ក្នុងរយៈពេល៣ទសវត្សរ៍មកនេះ”៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here