ដោយៈ ជេស៊ីកា
ព្រះសីហនុៈ ស្ថានភាពអាជីវកម្ម នៅខេត្តព្រះសីហនុ ចាប់ផ្តើមមានភាពល្អប្រសើរ ជាមួយស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចកម្ពុជា។នេះបើតាមលោកឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ។
លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី១៨ តុលានេះថា ស្របពេលស្ថានភាពនយោបាយ និងសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ យើងឃើញគណៈប្រតិភូវិនិយោគពីខេត្តស៊ិន ជិនបានមកពិភាក្សាការងារជាមួយអភិបាលខេត្ត ដោយពួកគាត់មានការចាប់អារម្មណ៍យកទៅពិចារណា និងអាចរកដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាចូលរួមដោះស្រាយបញ្ហាជាប់គាំងផងដែរ។លោកបន្តថា “ការដោះស្រាយបញ្ហាអាគារជាប់គាំង ស្ថិតនៅលើអ្វីដែលគេនឹងជជែកគ្នា ហើយយើងក៏ត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីសហការ និងជម្រុញដើម្បីឲ្យទទួលបានជោគជ័យទាំងអស់គ្នា”។
កាលពីសប្តាហ៍មុន មហាសេដ្ឋីអចលនទ្រព្យចិន លោក វ៉ាង ហ្ស៊ី (Wang Shi) និងអ្នកធុរកិច្ចចិនប្រមាណ៥០ក្រុមហ៊ុន បានមកទស្សនា និងសិក្សាស្វែងយល់ ពីឱកាសវិនិយោគនៅកម្ពុជា ពិសេសក្រុងព្រះសីហនុកាលពីសប្តាហ៍មុន។លោកបានជួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជា និងបានសិក្សាពីសក្តានុពលនៅខេត្តព្រះសីហនុ ដោយប្រតិភូរបស់លោក កំពុងចាប់អារម្មណ៍ និងចូលរួមសង្រ្គោះអាគារជាប់គាំងឡើងវិញ ប៉ុន្តែថាតើពេលណាពួកគេនឹងចាប់ផ្តើម ចាប់ផ្តើមដោយរបៀបណា និងបោះទុនយ៉ាងដូចម្តេច មិនទាន់មានព័ត៌មានលំអិតនៅឡើយទេ។
តាមរយៈសារព័ត៌មានក្នុងស្រុកមួយបានអះអាងថា វត្តមានរបស់មហាសេដ្ឋីចិនរូបនេះ អាចជាក្តីសង្ឃឹមថ្មីមួយទៀត សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងឥទ្ធិពលសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។លោកខន គង្គាអគ្គនាយកក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា អាគារខុនដូក្រុងព្រះសីហនុបាននិងកំពុង ចាប់ផ្តើមមានភាពប្រសើរឡើងលើការទិញ លក់ ជួល ដែលភាពល្អប្រសើរនេះ កើតមានក្រោយការរៀបចំរដ្ឋាភិបាលថ្មី និងកំលាំងចលករជម្រុញ ពីការដាក់ដំណើរការផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។ លោកបន្តថា “ទីផ្សារមានភាពប្រសើរឡើង ប៉ុន្តែមិនទាន់មានសញ្ញាប្រសើរឡើងខ្លាំងនៅឡើយទេ”៕