ដោយៈ តែម សុខុម
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់មួយរូបបានអះអាង កាលពីថ្ងៃពុធ ទី១៨ ខែតុលា ថា កម្ពុជា ទទួលបានអ្នកដំណើរ តាមផ្លូវអាកាសជិត៣,៧លាននាក់ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៣ ពោលគឺកើនឡើង១៦២%។
លោក ស៊ិន ច័ន្ទសេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិបានដំណើរការ ជើងហោះហើរសរុបចំនួន៣៧,២០០ជើងមកកាន់កម្ពុជា អំឡុងពេលពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះដែលកើនឡើង១០៣%។
លោកថ្លែងថា ផ្ទុយនឹងការកើនឡើងនូវចំនួន អ្នកដំណើរតាមផ្លូវអាកាស ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានធ្លាក់ចុះ៦%មកនៅត្រឹមជាង៤១.០០០តោន អំឡុងពេល៩ខែដើមឆ្នាំនេះ។លោកមានជំនឿយ៉ាងមុតមាំថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ (SAI) វិនិយោគដោយក្រុមហ៊ុនចិន ដែលបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះនឹងជួយទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងអ្នកដំណើរមកកាន់កម្ពុជា កាន់តែច្រើន។
លោកបន្តថា “ជាមួយនឹងផ្លូវរត់ប្រវែង៣.៦០០ម៉ែត្រ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ (SAI) គឺជាអាកាសយានដ្ឋានអន្តរជាតិកម្រិត4E ដែលអាចទទួលជើងហោះហើរ ចម្ងាយឆ្ងាយពីជុំវិញពិភពលោក”។លោកបានបន្ថែមថា “យើងសង្ឃឹមថា អាកាសយានដ្ឋាននេះ នឹងទាក់ទាញក្រុមហ៊ុន អាកាសចរណ៍អន្តរជាតិថ្មីៗ ឱ្យមកធ្វើប្រតិបត្តិការជើងហោះហើរត្រង់ ទៅកាន់ខេត្តសៀមរាប ជាទឹកដីនៃឧទ្យានបុរាណអង្គរ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ”៕ Xinhua៕