កំពង់ផែនៅកោះទន្សាយសម្រេចការសាងសង់បានជិត៥០ភាគរយ ខណៈផ្លូវប្របមាត់សមុទ្រកំពុងចាក់កៅស៊ូ

0

        ដោយៈ គង់ សូរិយា

        ខេត្តកែបៈ កំពង់ផែថ្មីមួយទៀត កំពុងដំណើរការសាងសង់ គិតមកតល់ពេលនេះ សម្រេចលទ្ធផលបានប្រមាណ៥០% នៃគម្រោងសរុប។

កំពង់ផែដែលកំពុងដំណើរការសាងសង់នេះ គឺនៅកោះទន្សាយតែម្តង ដែលស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប ដោយគ្រោងចំណាយថវិកាប្រមាណជាង១,៦លានដុល្លារ។

ដោយឡែកដំណើរការសាងសង់ ផ្លូវប្របមាត់សមុទ្រឯណេះវិញ បាន និងកំពុងនឹងដំណើរការដូចគ្នា ក្នុងលទ្ធផលប្រមាណ៨២%ហើយដែរ។ គម្រោងទាំងនេះក្រោមកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ប្រតិភូតំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែបទទួលបន្ទុក និងមន្ទីរពាក់ព័ន្ធ បានចូលរួមចុះត្រួតពិនិត្យការដ្ឋានអនុគម្រោងសាងសង់ផ្លូវអមតាមឆ្នេរ និងអនុគម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ។ លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ ADB បានឲ្យដឹងថា កំពង់ផែទេសចរណ៍កោះទន្សាយ គិតមកទល់ពេលនេះ សម្រេចការសាងសង់បានចំនួន៤៩,៨%ហើយ កន្លងទៅក្រុមហ៊ុនចាស់ ធ្វើការហាក់មានការយឺតយ៉ាវ តែយ៉ាងណាក្រុមហ៊ុនថ្មីដែលទទួលបានសិទ្ធិសាងសង់បន្ត នឹងបញ្ចប់គម្រោងកំពង់ផែកោះទន្សាយនេះ នៅត្រឹមខែមករា ឆ្នាំ២០២៤។

លោកបន្តថា សម្រាប់គម្រោងមួយទៀត គឺផ្លូវប្របមាត់សមុទ្រ ដែលយើងកំពុងដំណើរការ ដែលគិតមកទល់ពេលនេះ សម្រេចលទ្ធផលចំនួន៨២%ហើយដែរ។ ហើយអនុគម្រោងរបស់យើងទាំង៣ មានទីលានទុកដាក់សំរាមស្តង់ដារ (បានសម្ពោធរួចរាល់) អនុគម្រោ​ងកំពង់ផែទេសចរណ៍កោះទន្សាយ និងអនុគម្រោងផ្លូវប្របមាត់សមុទ្រ ពេលនេះមានក្រុមហ៊ុនតែមួ​យ កំពុងដំណើរការសាងសង់ ដែលយើងអាចទុកចិត្តបានថា អនុគម្រោងនីមួយៗ នឹងបញ្ចប់បានទាន់ពេលវេលា។ យ៉ាងណា លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ផ្លូវប្របមាត់សមុទ្រនេះ នឹងក្លាយជាសសៃឈាមទេសចរណ៍យ៉ាងសំខាន់ តភ្ជាប់គ្នារវាង ឆ្នេរកែបនិងឆ្នេរអង្កោល នាថ្ងៃអនាគត។

លោកអភិបាលក៏ធ្លាប់លើកឡើងដែរថា ការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ជាការពង្រីកសក្តានុពល វិស័យទេសចរណ៍ និងសេដ្ឋកិច្ច របស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេរភាគី ជាមួយប្រទេសក្នុងតំបន់ ហើយផែនេះអាចឈាន ទៅដល់ទទួលភ្ញៀវកម្រិតថ្នាក់អន្តរជាតិផងដែរ សម្រាប់ថ្ងៃអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here