ដោយៈ តែម សុខុម
បាងកក: រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោកPeeraphan Salirathaviphak បានថ្លែងថា កិច្ចចរចាជាមួយកម្ពុជា ជុំវិញការអភិវឌ្ឍតំបន់ទាមទារត្រួតស៊ីគ្នា(OCA) នៃឈូងសមុទ្រថៃ គួរធ្វើឡើងដាច់ដោយឡែក ពីការចរចាជុំវិញការកំណត់ព្រំដែនសមុទ្រ។
នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃពុធ ទី១៨ ខែតុលា។ តំបន់ត្រួតស៊ីគ្នា OCA លាតសន្ធឹងប្រវែង២៧.០០០គីឡូម៉ែត្រការ៉េ នៃឈូងសមុទ្រថៃ ដែលមានសក្តានុពល ផ្ទុករ៉ែឧស្ម័នធម្មជាតិ និងរ៉ែប្រេងយ៉ាងច្រើនមហាសាល។
លោក Peeraphan Salirathaviphak បានលើកឡើងថា ដើម្បីឱ្យកិច្ចចរចាជុំវិញការអភិវឌ្ឍរួមគ្នា ទទួលបានជោគជ័យ ក្រុមអ្នកចរចាថៃ គួរតែទុកការចរចាជុំវិញព្រំដែន សមុទ្រមួយឡែកសិន ដោយទុកជជែកចរចានៅពេលក្រោយ។
លោកមិនហ៊ានរំពឹងថា ការចរចានេះនឹងទទួលបានជោគជ័យ ឬក៏អត់នោះទេ ដោយលោកគ្រាន់តែនិយាយថា ប្រទេសទាំងពីរប្រកាន់ជំហរចង់បានច្រើន ប្រសិនបើបញ្ហានេះត្រូវបានដោះស្រាយ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់ល្អប្រសើរជាងមុន ហើយកិច្ចចរចាជុំវិញតំបន់មានជម្លោះនេះក៏ត្រូវបានបន្តឡើងវិញ។
នៅខែមករា ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជា និងប្រទេសថៃ បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមមួយ ដោយព្រមព្រៀងជំរុញបន្តការចរចាជុំវិញការអភិវឌ្ឍតំបន់ត្រួតស៊ីគ្នានេះ៕ The Nation៕




