ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅពេលសាងសង់បញ្ចប់រួចរាល់ អគារJeddah Tower នៅប្រទេសអារ៉ាប៊ីសាអូឌីត នឹងមានកម្ពស់រហូតដល់ទៅ៣.២៨១ហ្វីត(១.០០០ម៉ែត្រ) ដែលកម្ពស់នេះស្មើជិត១១ដង នៃកម្ពស់រូបសំណាកសេរីភាព នៅក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។
ការសាងសង់អគារJeddah Tower នឹងវ៉ាឈ្នះ អគារខ្ពស់បំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន គឺអគារ Burj Khalifa ដែលមានកម្ពស់៨២៨ម៉ែត្រ ស្ថិតនៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត។
អគារនេះនឹងក្លាយជានិមិត្តរូប នៃទីក្រុងសេដ្ឋកិច្ច Jeddah ជាមួយនឹងគោលបំណងជំរុញ កំណើនសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈការនាំមកនូវភ្ញៀវទេសចរកាន់តែច្រើន។រចនាឡើងដោយលោក Adrian Smith ស្ថាបនិកនៃក្រុមហ៊ុនស្ថាបត្យកម្ម Adrian Smith + Gordon Gill Architecture ការសាងសង់សំណង់របស់អគារ Jeddah Tower បានចាប់ផ្តើមឡើងក្នុងឆ្នាំ២០១៣ ប៉ុន្តែវាត្រូវបានផ្អាកទៅវិញនៅឆ្នាំ២០១៨។
មូលហេតុដ៏សំខាន់នៃការផ្អាកនេះ គឺដោយសារតែក្រុមហ៊ុន Binladin Group ដែលជាអ្នកម៉ៅការ ត្រូវបានដកចេញពីគម្រោង បន្ទាប់ពីប្រធានរបស់ក្រុមហ៊ុននេះ គឺលោក Bakr bin Laden ដែលត្រូវជាបងប្អូនពោះមួយ របស់មេភេរវករអាល់កៃដា Osama Bin Laden ត្រូវបានចាប់ខ្លួន ក្នុងអំឡុងយុទ្ធនាការបោសសំអាតអំពើពុករលួយរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
មូលហេតុមួយទៀតគឺ ជំងឺរាតត្បាតកូវីដ-១៩ ដែលបានបណ្តាលឱ្យមានការពន្យារពេលបន្ថែមទៀត។ ទោះយ៉ាងណាក៏ដោយ យោងទៅតាមទស្សនាវដ្តី Dezeen បានចុះផ្សាយថា ឥឡូវនេះ ការងារសាងសង់អគារខ្ពស់កប់ពពកJeddah Tower នឹងត្រូវចាប់ផ្តើមឡើងវិញ។
ដោយដកស្រង់ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Middle East Business Intelligence (MEED) ទស្សនាវដ្តី Dezeen បានរាយការណ៍ថា អ្នកអភិវឌ្ឍន៍ Jeddah Economic Company (JEC) ឥឡូវនេះ កំពុងស្វែងរកការដេញថ្លៃថ្មីពីអ្នកម៉ៅការ ដើម្បីបញ្ចប់ការសាងសង់គម្រោងបំបែកកំណត់ត្រា នៅលើពិភពលោកមួយនេះ។
យោងតាមក្រុមហ៊ុន MEED បានឱ្យដឹងថា អ្នកម៉ៅការសកលមួយចំនួន ត្រូវបានអញ្ជើញឱ្យដាក់សំណើនៅចុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ ការកំណត់ពេលវេលាពិតប្រាកដ សម្រាប់ការសាងសង់បញ្ចប់គម្រោង ដែលនៅសេសសល់នេះ មិនទាន់ត្រូវបានចែករំលែកឱ្យដឹងនៅឡើយនោះទេ៕