ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិបានបង្ហាញកាលពីថ្ងៃសុក្រថា ការវិនិយោគលើទ្រព្យសកម្មថេររបស់ប្រទេសចិនបានកើនឡើង៣,២ភាគរយនៅក្នុងរយៈពេលប្រាំបីខែដំបូង ឆ្នាំ២០២៣នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នេះបើយោងតាមសារពត៌មានរដ្ឋចិន Xinhua ចុះផ្សាយនៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
ការិយាល័យស្ថិតិជាតិបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគសរុបមានទំហំទឹកប្រាក់ចំនួន៣២,៧ពាន់ពាន់លានយ័ន (ប្រហែល៤,៥៦ពាន់ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំនេះ។
ការវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានកើនឡើង៦,៤ភាគរយ ហើយការវិនិយោគលើវិស័យផលិតកម្មបានកើនឡើង៥,៩ភាគរយ បើធៀបនឹងរយៈពេល៨ខែដំបូងដូចគ្នាកាលពីឆ្នាំមុន។
មូលធនដែលហូរចូលទៅក្នុងការអភិវឌ្ឍន៍ វិស័យអចលនទ្រព្យបានធ្លាក់ចុះ៨,៨ភាគរយ ខណៈដែលការវិនិយោគពីវិស័យឯកជនបានធ្លាក់ចុះ០,៧ភាគរយនៅក្នុងរយៈពេល៨ខែដំបូងនេះ។






