Hattha top Banner

ការកំណត់អត្តសញ្ញាណអាគារជាប់គាំងបានបញ្ចប់ហើយ ស្របពេលអាជ្ញាធរត្រៀមរៀបចំZoning

0

ដោយៈ ជេស៊ីកា

        ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់ខេត្តព្រះសីហនុបានថ្លែងថា ការកំណ​ត់អត្តសញ្ញាណអាគារជាប់គាំង នៅក្រុងព្រះសីហនុបានបញ្ចប់ហើយ។

អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ងបានមានប្រសា​សន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១៨ តុលាថា “ការកំណត់អត្តសញ្ញាណអាគារជាប់គាំង នៅក្រុងព្រះសីហនុបានបញ្ចប់ហើយ។ ចំណែកដំណាក់កាលបន្ទាប់ គឺការរៀចំបែងចែកZooning ថាតំបន់ណាគួរធ្វើអី? តំបន់ណាគួរធ្វើអី ដើម្បីយកគំរោងទាំងនោះទៅបង្ហាញអ្នកវិនិយោគទី៣។លោកបញ្ជាក់ថា “ក្រុមការងារអន្តរក្រសួង ​នឹងរង់ចាំធ្វើសិក្ខាសាលាផ្សព្វផ្សាយ ពីរបៀបរបបក្នុងការដោះស្រាយ ជូនដល់ម្ចាស់អាគារជាប់គាំងនានានៅពេលខាងមុខ”។ទោះជាយ៉ាងណា លោកឡុង ឌីម៉ង់មិនទាន់បញ្ជាក់ពីចំនួនជាក់លាក់ នៃអាគារជាប់គាំង ដែលបានកំណត់អត្តសញ្ញាណមានចំនួនប៉ុន្មាននោះទេ។មន្រ្តីជាន់ខ្ពស់មួយរូប ដែលមានសមត្ថកិច្ចដោះស្រាយបញ្ហាអាគារជាប់គាំង នៅក្រុងព្រះសីហនុ បានលើកឡើងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការដោះស្រាយបញ្ហាអាគារជាប់គាំង មានភាពស្មុគ្រស្មាញណាស់ ដោយសារម្ចាស់ដីជាច្រើន បានរឹបអូសយកអាគារ ដែលសាងសង់ឡើងដោយក្រុមហ៊ុនចិន ក្នុងហេតុផលម្ចាស់អាគារ មិនបានបង់ប្រាក់ដល់តម្លៃដីរបស់ខ្លួន និងករណីស្មុគ្រស្មាញជាច្រើនទៀត។

មន្រ្តីដដែលបានបន្តថា ការដោះស្រាយតាមផ្លូវតុលាការ មិនអាចជាជម្រើសនោះទេ ដោយសារប្រព័ន្ឋតុលាការ នៅទីក្រុងព្រះសីហនុមានបញ្ហាទាក់ទងនឹងតម្លាភាព និងសុច្ចរឹតភាព ដែលធ្វើឲ្យអ្នកវិនិយោគជាច្រើនអស់ជំនឿចិត្ត។

លោកបន្តថា “ការដោះស្រាយបញ្ហាអាគារទាំងនោះ មានតែវិធីសាស្រ្តសម្របសម្រួល និងឈរលើគោលការណ៍ឈ្នះ ឈ្នះទាំងអស់គ្នា ទើបអ្វីៗដំណើរការបានដោយរលូន”៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here