តម្លៃផ្ទះនៅតំបន់ភាគខាងលិចប្រទេសអ៊ុយក្រែនហក់ឡើង៧៥ភាគរយ ទោះបីសង្គ្រាមនៅតែកំពុងបន្ត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្ទះនៅតំបន់ភាគខាងជើងនៃទីក្រុងគៀវ (Kyiv) ក្នុងប្រទេសអ៊ុយក្រែនកំពុងលក់ដាច់ខ្លាំង ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធ ដំបូល ផ្លូវថ្នល់ និងស្ពានកំពុងត្រូវបានស្ថាបនាឡើងវិញ ។

លោកស្រី Marina Krasnolenska ដែលធ្វើការជាភ្នាក់ងារអចលនទ្រព្យអស់រយៈពេល២០ឆ្នាំបានមានប្រសាសន៍ថា “ផ្ទះនៅតំបន់របស់យើងលក់បានដាច់ល្អណាស់ ប៉ុន្តែតម្លៃផ្ទះមិនបានវិលត្រឡប់ទៅរកកម្រិតមុន សង្គ្រាមនោះទេ ប៉ុន្តែទីផ្សារនៅតែមានជីវិតដែលនេះជាការភ្ញាក់ផ្អើលសម្រាប់ខ្ញុំផងដែរ”។

កាលពីឆ្នាំមុន សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនបានដាំក្បាលចុះមួយភាគបី អតិផរណាបានហក់ឡើងជាងមួយភាគបួន ហើយមានតែជំនួយមកពីលោកខាងលិចច្រើនពាន់លានដុល្លារប៉ុណ្ណោះទើបអាចទូទាត់ការចំណាយរបស់រដ្ឋាភិបាលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ។អចលនទ្រព្យបានបាត់បង់តម្លៃគួរឱ្យកត់សម្គាល់តែនៅក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងដែលស្ថិតនៅជិតជួរមុខនៃសមរភូមិប៉ុណ្ណោះ ប៉ុន្តែតម្លៃនៅក្នុងតំបន់ភាគខាងលិចប្រទេសអ៊ុយក្រែនបានហក់ឡើងយ៉ាងខ្លាំងរហូតដល់៧៥ភាគរយ។

ជាក់ស្តែង តម្លៃផ្ទះក្នុងទីក្រុង Uzhhorod ដែលស្ថិតនៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន បាននាំមុខគេក្នុងចំណោមតម្លៃផ្ទះនៅតាមបណ្តាក្រុងផ្សេងៗទៀត។តម្លៃលំនៅដ្ឋាននៅកណ្តាលប្រទេសអ៊ុយក្រែនបានដាំក្បាលចុះពី២៥ ទៅ៣០ភាគរយ ប៉ុន្តែវាកំពុងងើបឡើងវិញ ខណៈទីផ្សារបង្ហាញពីកំណើនដ៏មិននឹកស្មានដល់ ហើយអ្នកអភិវឌ្ឍន៍មួយចំនួនកំពុងចាប់ផ្តើមគម្រោងសាងសង់ឡើងវិញ បន្ទាប់ពីបានផ្អាកអស់ពេលជាយូរ។

លោក Denis Sudilkovskiy នាយកទីផ្សារនៃទីភ្នាក់ងារអចលនទ្រព្យ LUN នៅទីក្រុង Kyiv បានលើកឡើងថា ទោះបីជាប្រាក់ចំណូលធ្លាក់ចុះយ៉ាងណាក្តី ក៏ប្រជាជនអ៊ុយក្រែនបានរក្សាទុកលុយប្រហែល២៥ពាន់លានដុល្លារអាមេរិក នៅក្នុងធនាគារ និងរក្សាទុកលុយចន្លោះពី៦០ ទៅ១០០ពាន់លានដុល្លារ នៅខាងក្រៅខ្លួនរបស់ពួកគេផងដែរ។

លោក Denis បានបញ្ជាក់ប្រាប់សារពត៌មាន Al Jazeera ថា “ចំនួនប្រជាជនមួយផ្នែកធំមិនបានបាត់បង់សមត្ថភាព និងគំនិតនៃការចង់បានផ្ទះផ្ទាល់ខ្លួនរបស់ពួកគេនោះទេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here