Hattha top Banner

សម្តេចធិបតី ហ៊ុន ម៉ាណែត: អំពាវនាវឱ្យមានការបង្កើនមូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងប្រទេសកំពុងអភិវឌ្ឍន៍

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រទេសចិន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

សេចក្តីថ្លែង​ការណ៍នេះ ​ត្រូវ​បាន​ចេញ​ផ្សាយនៅ​ចុងបញ្ចប់​នៃដំណើរ​ទស្សនកិច្ច​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃកម្ពុជា ទៅ​កាន់ទីក្រុង​ប៉េកាំង ដើម្បីចូលរួមវេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​លើក​ទី​៣សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​ស្រប​នឹង​ខួប​លើក​ទី​១០ របស់គំនិតផ្តួចផ្តើម BRI។សេចក្តីថ្លែងការណ៍បានបន្តថា “BRI បានផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន រួមទាំងកម្ពុជាផងដែរ នូវអត្ថប្រយោជន៍ជាច្រើនដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លំហូរវិនិយោគផ្ទាល់ពីបរទេស កំណើនសេដ្ឋកិច្ច សមាហរណកម្មតំបន់ និងពិភពលោក និងការផ្លាស់ប្តូររវាងប្រជាជនទៅប្រជាជន”។

ក្រសួងការបរទេសបន្ថែមថា ក្នុងវេទិកានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់នូវការគាំទ្រ និងការត្រៀមខ្លួនយ៉ាងពេញទំហឹងរបស់កម្ពុជា ក្នុងការរួមគ្នាអនុវត្តសកម្មភាពធំៗចំនួន៨ ដែលបានលើកឡើងក្នុងវេទិកានេះ។សកម្មភាពទាំង៨ រួមមាន ការកសាងបណ្តាញតភ្ជាប់ខ្សែក្រវ៉ាត់ និងផ្លូវពហុភាគី គាំទ្រដល់សេដ្ឋកិច្ចពិភពលោកបើកចំហ អនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង ជំរុញការអភិវឌ្ឍបៃតង ជំរុញការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គាំទ្រការផ្លាស់ប្តូរប្រជាជន និងប្រជាជន លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវផ្អែកលើសុចរិតភាព និងពង្រឹងការកសាងស្ថាប័ន សម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវអន្តរជាតិ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ថ្លែងទៅកាន់វេទិកានោះ សម្តេចធិបតីបានអំពាវនាវ ឱ្យមានការបង្កើនមូលនិធិ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ រួមទាំងការតភ្ជាប់ មជ្ឈមណ្ឌលទិន្នន័យ សន្តិសុខ ព្រមទាំងកត្តាជំរុញ និងថ្នាលសំខាន់ៗដទៃទៀតតាមរយៈក្របខណ្ឌBRI ៕

LEAVE A REPLY

Please enter your comment!
Please enter your name here