ពាណិជ្ជកម្មក្រៅប្រទេសរបស់មហាយក្សចិន ក្នុងខែកញ្ញា ឈានដល់៥២១ពាន់លានដុល្លារអាមេរិក

0

តែម សុខុម
ប៉េកាំងៈ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ការនាំចូល និងការនាំចេញទំនិញសរុបរបស់ប្រទេសចិន បានបន្តប្រសើរឡើងក្នុងខែកញ្ញា ដោយទំហំពាណិជ្ជកម្មបានកើនឡើងដល់កម្រិតខ្ពស់ប្រចាំខែក្នុងឆ្នាំនេះ។

យោងតាមអគ្គនាយកដ្ឋានគយ (GAC) បង្ហាញថា ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់មហាយក្សចិន បានឈានដល់ប្រមាណ៥២១ពាន់លានដុល្លារអាមេរិក កាលពីខែមុន ដែលជាកំណើន២ខែជាប់ៗគ្នា។

នៅក្នុង៣ត្រីមាសដំបូង ការនាំចូល និងការនាំចេញទំនិញរបស់ប្រទេសចិន គិតជាប្រាក់យ័ន បានធ្លាក់ចុះ០,២%មកនៅត្រឹម៤,២១ទ្រីលានដុល្លារអាមេរិក។

ការនាំចេញរបស់ប្រទេសនេះបានកើនឡើង០,៦% ខណៈការនាំចូលធ្លាក់ចុះ១,២%ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ។អំឡុងពេលនោះ ពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយបណ្ដាប្រទេសដែលចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) មានទំហំ១,៩៦ទ្រីលានដុល្លារអាមេរិក ដោយកើនឡើង៣,១% និងគ្របដណ្ដប់៤៦,៥%នៃតម្លៃពាណិជ្ជកម្មក្រៅប្រទេសសរុបរបស់ប្រទេសចិន។

ពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយបណ្ដាទីផ្សារដែលកំពុងរីកចម្រើនឆាប់រហ័សដូចជាអាស៊ីកណ្តាល បានកើនឡើង៣៣,៧% ជាមួយអាហ្រ្វិក បានកើនឡើង៦,៧% និងជាមួយអាមេរិកឡាទីន បានកើនឡើង៥,១% ខណៈពាណិជ្ជកម្មកាលពីពេលថ្មីៗនេះជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ផងដែរ។

ក្នុងរយៈពេលពីខែមករា ដល់ខែកញ្ញា សហគ្រាសឯកជនទទួលបានកំណើនយ៉ាងឆាប់រហ័ស ខណៈការនាំចូល និងការនាំចេញបានកើនឡើង៦,១%ឈានដល់ជាង២,២៣ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹងជាងពាក់កណ្តាលនៃចំនួនសរុបរបស់ប្រទេសនេះ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here