លោកស៊ុន ចាន់ថុលទស្សនកិច្ចទីក្រុងធំមួយរបស់ចិនដើម្បី ទាក់ទាញការវិនិយោគ

0

ដោយៈ គង់ សូរិយា

        ប្រទេសចិនៈ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញចុះទស្សនកិច្ចនៅទីក្រុង Shenzhen សាធារណរដ្ឋប្រជាមានិតចិន ដើម្បីទាក់ទាញវិនិយោគិន និងបង្ហាញជូនឱកាសវិនិយោគថ្មីៗនៅកម្ពុជា ដល់ក្រុមហ៊ុនចំនួន២រួមមាន ក្រុមហ៊ុនផលិតកង់ XDS Bicycle និងក្រុមហ៊ុន Huawei។

ក្នុងឱកាសនោះ លោកបានអញ្ជើញចុះទស្សនកិច្ចថែទាំវិនិយោ​គិន បង្ហាញជូនឱកាសវិនិយោគថ្មីៗ និងពិភាក្សាការងារជាមួយលោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) និងលោក Jianlin Bao អនុប្រធានក្រុមហ៊ុន Huawei Technologies Co., Ltd.។ដំណើរទស្សនកិច្ចថែទាំវិនិយោគដោយផ្ទាល់ ជាលើកដំបូង (Investment Aftercare) ដល់ស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផលិតកង់ XDS Bicycle និងក្រុមហ៊ុនHuawei នេះ គឺជាបេសកកម្មលើកទី១ របស់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនីតិកាលទី៧ ដើម្បីបង្ហាញការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជាដល់វិនិយោគិនក្រៅប្រទេស ដែលបានចូលមកវិនិយោគនៅកម្ពុជា តាមរយៈការចុះសួរសុខទុក្ខវិនិយោគិនដោយផ្ទាល់ និងជម្រាបជូនអំពីឱកាសវិនិយោគថ្មីៗនៅកម្ពុជា ដល់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។

ក្នុងជំនួបជាមួយ XDS Bicycle ក្រុមហ៊ុនបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការយកចិត្តទុកដាក់ជាខ្លាំង និងបានផ្តល់ឱកាស ឱ្យក្រុមហ៊ុនមានលទ្ធភាព ក្នុងការពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួនបានយ៉ាងឆាប់រហ័ស ក្នុងព្រះរាជាណាចក្រកម្ពុជា។ជាពិសេសជាងនេះទៅទៀត ក្រុមហ៊ុនបានបង្ហាញអំពីចក្ខុវិស័យ ក្នុងការពង្រីករោងចក្ររបស់ខ្លួន ដែលមានទីតាំងក្នុងក្រុងបាវិត ឱ្យមានទំហំធំដូចរោងចក្រ ក្នុងទីស្នាក់ការកណ្តាលទីក្រុង Shenzhen នេះផងដែរ។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនXDS Bicycle ដែលសម្រេចចិត្តចូលមកវិនិយោគបង្កើតរោងចក្រនៅកម្ពុជា រហូតបច្ចុប្បន្ននេះ បានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋប្រមាណ១៤០០នាក់រួចមកហើយ។

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនលើកជាសំណូមពរ និងបង្ហាញនូវបញ្ហាប្រឈម ដែលក្រុមហ៊ុនកំពុងជួប ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមដោះស្រាយ ក្នុងទិសដៅ  ជម្រុញឱ្យក្រុមហ៊ុនវិនិយោគ ពង្រីករោងចក្របន្ថែមទៀតនៅកម្ពុជា ព្រមទាំងអាចប្រែក្លាយ ជាមជ្ឈមណ្ឌលនៃឧត្តមភាព (Center of Excellence) នៅក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានឆ្លៀតយកឱកាសនេះ ផ្តួចផ្តើមគំនិតឱ្យមានរៀបចំការជិះកង់ របស់ក្រុមហ៊ុនផ្ទាល់(XDS Bike Tour) នៅក្នុងខេត្តសៀមរាប ដើម្បីគោលដៅសំខាន់ៗចំនួន ៤ រួមមាន ទី១).ផ្សព្វផ្សាយអំពីការវិនិយោគ របស់ក្រុមហ៊ុនXDSនៅកម្ពុជា ទី២ផ្សព្វផ្សាយអំពីវិស័យ ទេសចរណ៍នៅប្រទេសកម្ពុជា ទី៣ ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន និងទី៤ រៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ។

ក្នុងដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Huawei បទបង្ហាញអំពីនវានុវត្តឌីជីថលថ្មីៗ រួមមាន ប្រព័ន្ធរដ្ឋបាលឌីជីថល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធកំពង់ផែឌីជីថល ប្រព័ន្ធអាកាសយានដ្ឋានឆ្លាតវៃ ទីក្រុងឌីជីថល ប្រព័ន្ធគ្រប់គ្រងថាមពលឌីជីថល ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល និងប្រព័ន្ធទំនើបផ្សេងៗទៀត ត្រូវបានជម្រាបជូនដល់គណៈប្រតិភូកម្ពុជា។ក្រុមហ៊ុនក៏បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Huawei និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ក្នុងការចូលរួមក្នុងធ្វើឌីជីថលូបនីយកម្ម របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលនយោបាយ និងចក្ខុវិស័យសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ក្រុមហ៊ុនឱ្យជ្រាបកាន់តែច្បាស់។ ពិសេសជាងនេះ លោកស៊ុន ចាន់ថុលក៏បានបញ្ចាក់បន្ថែមផងដែរថា វិស័យបច្ចេកវិទ្យាឌីជីថល បានទទួលការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល តាមរយៈផ្តល់ការលើកទឹកចិត្ត ជាពិសេសដល់វិនិយោគិន ដែលធ្វើការវិនិយោគលើវិស័យនេះ នៅកម្ពុជា។ អាស្រ័យលើកត្តាអំណោយផលនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រុញលើកទឹកចិត្តខ្ពស់ ឱ្យក្រុមហ៊ុនបង្កើតសង្វាក់ផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here