ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ថាប័នអាជីវកម្មលក់រាយOR របស់ក្រុមហ៊ុនប្រេងខ្នាតយក្ស PTT កំពុងពង្រីកអាជីវកម្មអន្តរជាតិរបស់ខ្លួន ដោយផ្តោតជាពិសេសលើកម្ពុជា ដែលក្រុមហ៊ុននេះចាត់ទុកជាផ្ទះទី២ របស់ពួកគេ ដើម្បីទ្រទ្រង់ដល់កំណើនប្រកបដោយចីរភាព។
លោក Disathat Panyarachun នាយកប្រតិបត្តិក្រុមហ៊ុន PTT Oil and Retail Business Pcl (OR) បានបង្ហាញពីយុទ្ធសាស្ត្រ និងទិសដៅរបស់ក្រុមហ៊ុន ក្នុងការធ្វើអាជីវកម្មអន្តរជាតិ ដើម្បីពង្រឹងភាពរឹងមាំនៃប្រតិបត្តិការរបស់ខ្លួន។
-->
ជាក់ស្តែង ក្រុមហ៊ុននេះគ្រោងធ្វើពិពិធកម្ម អាជីវកម្មរបស់ពួកគេ ដូចជាតាមរយៈការលក់ឧស្ម័ន LPG និងកៅស៊ូអ៊ុតថ្នល់ ព្រមទាំងធ្វើការពង្រីកប្រតិបត្តិការអន្តរជាតិ ជាមួយដៃគូរបស់OR ដូចជាក្រុមហ៊ុន K-NEX Corporation ហាងបោកគក់ និងសម្ងួតសម្លៀកបំពាក់បែបទំនើប និងរហ័សទាន់ចិត្ត Otteri Wash & Dry និងក្រុមហ៊ុន Dusit Foods Limited។
សម្រាប់ប្រទេសកម្ពុជា ដែលជាទីតាំងធ្វើអាជីវកម្មអន្តរជាតិរបស់ក្រុមហ៊ុនOR វាគឺប្រៀបដូចជាផ្ទះទីពីររបស់ពួកគេ ព្រោះថា នៅកម្ពុជា នៅតែមានឱកាសជាច្រើនសម្រាប់ការរីកចម្រើន។គិតត្រឹមខែសីហា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនOR បានបើកដំណើរការសាខាស្ថានីយPTT ចំនួន១៦៩ និងឃ្លាំងផលិតផលចំនួន៧ រួមជាមួយនឹងអាជីវកម្មប្រេងរំអិល PTT Lubricantsនៅកម្ពុជា។
ទន្ទឹមគ្នានេះ ក្រុមហ៊ុនក៏បានវិនិយោគ ក្នុងគម្រោងបណ្តាក់ទុនរួមគ្នា ដើម្បីផ្តល់ឥន្ធនៈអាកាសចរណ៍ នៅឯអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងរាជធានីភ្នំពេញ ដែលគ្រោងនឹងបញ្ចប់នៅត្រីមាសទី៣ ឆ្នាំ២០២៤ខាងមុខនេះ។ចំណែកឯ នៅក្នុងប្រភេទអាជីវកម្មបែប Lifestyle ក្រុមហ៊ុន OR មានសាខា Café Amazon ចំនួន២៣១ និងហាងទំនិញងាយស្រួលចំនួន៦៥នៅកម្ពុជា។
លើសពីនេះ ក្រុមហ៊ុនOR មានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្ម ដូចជា ឃ្លាំងប្រេង និងឧស្ម័ន LPG រោងចក្រលាយកៅស៊ូអ៊ុតថ្នល់ និងស្វែងរកឱកាសនៅក្នុងអាជីវកម្ម ដែលទាក់ទងនឹងថាមពលផ្សេងទៀត ដូចជា ការប្តូរថ្មអាគុយ (Battery Swapping) និងស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិស នី (EV station Pluz) ជាដើម៕