ដោយៈ តែម សុខុម
បាងកក: ក្រុមហ៊ុនផលិតរថយន្តប្រណីត លំដាប់សេដ្ឋីរបស់ប្រទេសអង់គ្លេស Rolls-Royce Motor Cars គ្រោងផលិតរថយន្តអគ្គិសនីសុទ្ធ (All-electric Automobile) ក្នុងផ្នែករថយន្តអគ្គិសនីលំដាប់ខ្ពស់នៅឆ្នាំ២០៣០។
ក្រុមហ៊ុននេះបានបង្ហាញពីគោលដៅ ថ្ងៃអនាគតរបស់ខ្លួននេះ បន្ទាប់ពីចេញលក់រថយន្តអគ្គិសនី (EV) ប្រណីតដំបូងគេក្នុងពិភពលោក។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២០ ខែតុលា។
កាលពីពេលថ្មីៗនេះក្រុមហ៊ុន Rolls-Royce បានបញ្ចេញរថយន្ត EV ដំបូងបង្អស់របស់ខ្លួន ដែលមានឈ្មោះថា “Spectre” នៅប្រទេសថៃ បន្ទាប់ពីខ្លួនបានបញ្ចេញរថយន្តនេះ ជាលើកដំបូងនៅប្រទេសកូរ៉េខាងត្បូង ដែលស្ថិតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងប្រទេសសិង្ហបុរី ដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍។ រថយន្ត Rolls-Royce អគ្គិសនីមូឌែលដំបូង Spectre នេះមានតម្លៃចាប់ពីប្រមាណ៣២លានបាត ឬជិត៨៨០.០០០ដុល្លារអាមេរិក ឡើងទៅ។