Hattha top Banner

ទីផ្សារអចលនទ្រព្យក្នុងប្រទេសជប៉ុន បង្ហាញសញ្ញាឈានទៅរកពពុះសាប៊ូ

0

ដោយៈ តែម សុខុម

តូក្យូ: ធនាគារកណ្តាលជប៉ុន (BOJ) បានព្រមានកាលពីថ្ងៃសុក្រ ទី២០ ខែតុលា ថា ទីផ្សារអចលនទ្រព្យក្នុងប្រទេសជប៉ុន កំពុងបង្ហាញសញ្ញាឈានទៅរកពពុះ ដោយសាររំហូរចូលនៃរូបិយប័ណ្ណ​បរទេស និងការវិនិយោគដែលកំពុងកើនឡើង ពីសំណាក់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ។

ការរកឃើញនេះកើតមានឡើង នៅពេលធនាគារកណ្ដាលមួយនេះ បានរក្សាអត្រាការប្រាក់ទាបបំផុតអស់ រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ ដើម្បីជំរុញសេដ្ឋកិច្ចដែលផុយស្រួយ និងដើម្បីទប់អតិផរណា ដែលបណ្ដាលឱ្យអ្នកវិភាគមួយចំនួនព្រមានថា ការបោះពុម្ពប្រាក់ក្រដាសប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ របស់ធនាគារកណ្ដាលជប៉ុន កំពុងនាំទៅរកពពុះអចលនទ្រព្យនាពេលអនាគត។

ធនាគារកណ្តាលជប៉ុន បានលើកឡើងក្នុងរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួនស្តីពីប្រព័ន្ធហិរញ្ញវត្ថុថា ប្រាក់កម្ចីទាក់ទងនឹងអច​លនទ្រព្យ បានបន្តកើនឡើងឥតឈប់ឈរ ដែលជាចម្បងដើម្បីផ្តល់ហិរញ្ញប្បទាន ដល់តម្រូវការរបស់បណ្ដាវិនិយោគិនបរទេស។ថ្នាក់ដឹក​នាំធនាគារកណ្តាលជប៉ុនបាននិយាយថា នៅក្នុងការវាស់ស្ទង់វិស័យសេដ្ឋកិច្ចបង្ហាញថា អនុបាតនៃការវិនិយោគរបស់បណ្ដាក្រុមហ៊ុនអចលនទ្រព្យ ធៀបនឹងផលទុនជាតិសរុប (GDP) បានប្រែទៅជា “ក្រហម” ជាសញ្ញាដែលបង្ហាញថា ទីផ្សារអចលនទ្រព្យកំពុងពុះកញ្រ្ជោលខ្លាំង។

ធនាគារកណ្ដាលនេះបានបន្ថែមថា “កំណើននៃការវិនិយោគរបស់បណ្ដាក្រុមហ៊ុនអចលនទ្រព្យ ត្រូវបានពន្លឿនដោយគម្រោងអភិវឌ្ឍន៍ទីក្រុងឡើងវិញ ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ”។

ធនាគារនេះបានបន្តថា “នៅក្នុងតំបន់ពាណិជ្ជកម្មមានកម្រិតមួយចំនួននាកណ្តាលទីក្រុងតូក្យូ ប្រតិបត្តិការក្នុងជួរតម្លៃ កាន់តែខ្ពស់បាននិងកំពុងកើនឡើង” ហើយថា ស្ថានការណ៍វិវឌ្ឍន៍ក្នុងទីផ្សារប្រតិបត្តិការអចលនទ្រព្យ “បន្តទាមទារឱ្យមានការឃ្លាំងមើលយ៉ាងយកចិត្តទុកដាក់”៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here