Hattha top Banner

គម្រោងផ្លូវរថភ្លើងថ្មីតភ្ជាប់រវាងប្រទេសឡាវ និងវៀតណាមត្រូវបានអនុម័តឱ្យសាងសង់ជាផ្លូវការហើយ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោង​ផ្លូវ​រថភ្លើង​ថ្មី​ តភ្ជាប់រវាង​ប្រទេសឡាវ និង​វៀតណាម ​ត្រូវបានអនុម័តជាផ្លូវការហើយ ដោយរថភ្លើងនេះនឹងបង្កើតការតភ្ជាប់ ដោយផ្ទាល់រវាងប្រទេសទាំង២ និងមានបំណងក្លាយជាប្រភពចម្បង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់។

គម្រោងនេះគឺជាផ្នែកមួយ នៃផែនការអភិវឌ្ឍន៍ផ្លូវរថភ្លើង វៀងច័ន្ទ-វាំងអាង(Vientiane-Vung Ang)  សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅកាន់ឆ្នាំ២០៥០។

សារពត៌មាន Vietnam Plus បានរាយការណ៍ថា គម្រោងនេះគឺជាការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនវៀតណាម Deo Ca Group JSC និងក្រុមហ៊ុនឡាវ Petroleum Trading Lao Public Company (PTL) ដែលនឹងត្រូវបានអភិវឌ្ឍឡើង ក្រោមទម្រង់នៃភាពជាដៃគូសាធារណៈ និងឯកជន។កំណាត់ទីមួយ នៃគម្រោងផ្លូវរថភ្លើងវៀងច័ន្ទ-វាំងអាង នឹងគ្របដណ្តប់ចម្ងាយ១០៣គីឡូម៉ែត្រ ចាប់ពីកំពង់ផែវៀតណាម Vung Ang រហូតដល់ Mu Gia ដែលជាព្រំដែនរវាងប្រទេសវៀតណាម និងឡាវ ហើយនឹងត្រូវចំណាយថវិកា សាងសង់អស់ជិត២៧,៥ពាន់ពាន់លានដុង (ប្រហែល១,១២ពាន់លានដុល្លារ)។

ជាផ្នែកមួយនៃផ្លូវដែកវៀងច័ន្ទន៍-វាំងអាង កំណាត់ដំបូងនេះ នឹងដើរតួយ៉ាងសំខាន់ ក្នុងការតភ្ជាប់ប្រទេសឡាវ ទៅកាន់ពាណិជ្ជកម្មដែនសមុទ្រក្នុងតំបន់ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជាមួយវៀតណាម និងទីផ្សារគោលដៅនៅក្នុងប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន។ជាមួយគ្នានេះ គម្រោងផ្លូវរថភ្លើង វៀងចន្ទន៍-វាំងអាង ដែលមានប្រវែងសរុប៥៥៤,៧គីឡូម៉ែត្រ ក៏នឹងត្រូវបានសាងសង់ក្រោមភាពជាដៃគូសាធារណៈ និងឯកជនផងដែរ ជាមួយទុនវិនិយោគសរុបចំនួន១៤៩,៥៥ពាន់ពាន់លានដុង (ប្រហែល៦,៣ពាន់លានដុល្លារ)។

នៅពេលសាងសង់រួចរាល់ ខ្សែរថភ្លើងនេះ នឹងតភ្ជាប់ពីរដ្ឋធានីវៀងច័ន្ទន៍ ទៅកាន់ស្រុកថាក់ខាក ក្នុងខេត្តខាំមួន ប្រទេសឡាវ បន្ទាប់មកបន្តទៅកាន់ព្រំដែនវៀតណាម និងទៅកាន់កំពង់ផែសមុទ្រ Vung Ang ក្នុងខេត្ត Ha Tinh ប្រទេសវៀតណាម។

យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយ វៀតណាមបានឱ្យដឹងថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាខាងលើនេះ ត្រូវតែធ្វើការសិក្សាជាមុនអំពីលទ្ធភាព និងបញ្ជូនរបាយការណ៍ស្តីពី ការរកឃើញរបស់ពួកគេដោយអនុលោម ទៅតាមច្បាប់ជាតិ និងតំបន់ និងគម្រោងផែនការមុនពេលចាប់ផ្តើមការងារលើគម្រោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here