នាយករដ្ឋមន្ត្រីវៀតណាមប្រកាសគាំទ្រគំនិតផ្តួចផ្តើម “ប្រទេស៣ គោលដៅតែមួយ”របស់កម្ពុជា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានគាំទ្រសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើតគំនិតផ្តួចផ្តើម “ប្រទេស៣ គោលដៅតែមួយ” ដែលនឹងរួមបញ្ចូលប្រទេសឡាវផងដែរ ដើម្បីជំរុញវិស័យទេសចរណ៍។

ការបញ្ជាក់ការគាំទ្រនេះបានធ្វើឡើងនៅក្នុងឱកាស ដែលថ្នាក់ដឹកនាំនៃប្រទេសជិតខាងទាំង២បានជួបប្រជុំគ្នាកាលពីថ្ងៃទី២០ ខែតុលា នៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសហប្រតិបត្តិការអាស៊ាន-ឈូងសមុទ្រ (GCC) នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ក្រុមការងារប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបន្ទាប់ពីកិច្ចប្រជុំថា លោក Pham Minh Chinh ក៏បានគាំទ្រការអំពាវនាវរបស់កម្ពុជា ក្នុងការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនបាវិត-ហូជីមិញ របស់វៀតណាម រួមជាមួយនឹងការតភ្ជាប់ផ្លូវដែកផងដែរ។ជាមួយគ្នានេះ សម្តេចធិបតីបានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម ជាពិសេសទាក់ទិននឹងការពិភាក្សាគ្នាលើការចរចារតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនបាវិត-ហូជីមិញ ហើយការតភ្ជាប់នេះនឹងជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏រីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេរភាគីលើគ្រប់វិស័យ ហើយបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ និងវិស័យអនុវត្តច្បាប់ រួមទាំងវិស័យផ្សេងៗទៀត។

លើសពីនេះ លោក Pham Minh Chinh បានកោតសរសើរចំពោះស្ថិរភាព ការអភិវឌ្ឍន៍ និងវឌ្ឍនភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ទន្ទឹមគ្នានោះ លោកក៏បានកត់សម្គាល់ផងដែរថា វៀតណាមនឹងស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here