Hattha top Banner

ការពន្យាពេលរបស់ផ្សារ TCCបាននិងកំពុងបង្កបញ្ហាដល់ អាជីវករនានា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមអាជីវករ ដែលបានទិញតូបផ្សារ TRIUMPH COMMERCIAL CENTER (TCC) វិនិយោគដោយក្រុមហ៊ុន យុនណាន សេងម៉ៅ អ៊ីនវេសមិន (Yun Nan Sheng Mao Investment Co, Ltd) ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាប់រយនាក់ បានចេញតវ៉ាជាបន្តបន្ទាប់។

ការតវ៉ានេះ កើតមានក្រោយពីថៅកែក្រុមហ៊ុន ព្រងើយកន្តើយ មិនព្រមចេញ​មុខដោះស្រាយ​ជាមួយអតិថិជន និងរំលោភកិច្ចព្រមព្រៀង ដែលបានសន្យាជាមួយអ្នកទិញ។

លោក ហាក់ ចាន់ថា តំណាងអ្នកទិញតូបផ្សារ TCC បានលើកឡើងថា ចាប់តាំងពីកើតមានរឿងរ៉ាវនេះឡើង ពុំដែលឃើញថៅកែក្រុមហ៊ុន ចេញមុខមកដោះស្រាយ ជាមួយអតិថិជនម្តងណាឡើយ។ លោកបន្តថា គិតចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ មានរយៈពេលច្រើនឆ្នាំហើយ ដែលក្រុមហ៊ុនបានសាងសង់ តែមិនទាន់រួចរាល់ ស្របតាមកិច្ចសន្យា និងពុំមានសកម្មភាពសាងសង់បន្តឡើយ ក្រោ​យពីប្រមូលលុយ ពីអតិថិជនបានជាច្រើន​លានដុល្លារ។ បើតាមតំណាងអតិថិជន បានបញ្ជាក់ថា ទិន្នន័យបណ្តោះអា​សន្នដែលទទួលបាន ក្រុមមានគម្រោង​សាងសង់ប្រហែល៤ពាន់តូប ដោយមានតម្លៃ១តូប មានតម្លៃចាប់ពីជាង ៦ពាន់ដុល្លារឡើង​ទៅដល់ជាង១០ម៉ឺនដុល្លារ។ តំណាងអតិថិជន បានគូសបញ្ជាក់ទៀតថា រហូតមកដល់ពេល ក្រុមអាជីវករ បានស្នើសុំអន្តរាគមន៍ពីអាជ្ញាធរ ​ខណ្ឌឫស្សីកែវរួចហើយដែរ ដើម្បីជួយរកដំណោះស្រាយ និងអញ្ជើញភាគីក្រុមហ៊ុនចេញ​មុខមកដោះស្រាយជាមួយ​អតិថិជន។

យោងតាមកិច្ចសន្យាក្រុមហ៊ុន បានព្រមព្រៀងគ្នាទិញលក់តូប រយៈពេល៤០ឆ្នាំ (២០១៦- ២០៥៦) ដោយក្រុមហ៊ុន​សន្យាថា នឹងសាងសង់ឱ្យរួចរាល់ ប្រគល់តូប និងផ្ទះអាជីវកម្មដល់អតិថិជន នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ ប្រសិនបើមានឧបសគ្គ នឹងត្រូវពន្យារយៈពេល៦ខែយ៉ាងយូរ។

លោកហាក់ ចាន់ថា បានសង្កត់ធ្ងន់ថា អាជីវករដែលទិញតូបផ្សារនេះ បានកំពុងរងផលប៉ះពាល់ ដោយអ្នកខ្លះត្រូវបង់​ធនាគារ ខ្លះទៀតបាត់បង់ចំណូល ដោយសារស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ ដោ​យរំពឹងថា ទិញតូបផ្សារនេះហើយ អាចចូលលក់ដូរបានដើម្បីដោះស្រាយជីវភាព។

អាជីវករបានបញ្ជាក់ថា បើលើស៦ខែភាគីខាងផ្សារ នឹងផ្តល់សំណង១ភាគរយរៀងរាល់ខែ។ ប៉ុន្តែរហូតមកដល់​ពេលនេះ ក្រុមអាជីវករ បានអះអាងថា ភាគីផ្សារមិនបានផ្តល់សំណង ដល់អតិថិជននោះឡើយ ខណៈដែលផ្សារ​ក៏មិនទាន់សាងសង់រួចរាល់។ ក្រុមអាជីវករ បានសំណូមពរដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួយរកយុត្តិធម៌ និងសូមឱ្យភាគីខាងផ្សារពន្លឿនដំណើរការសាងសង់ គោរពតាមកិច្ចសន្យា ចូលខ្លួនមកដោះស្រាយជាមួយអតិថិជន ដោយកំណត់ពេលវេលាឱ្យបានច្បាស់លាស់។

ក្រុមអាជីវករ បានអះអាងថា នឹងប្រមូលផ្តុំតវ៉ាជាបន្តទៀត ប្រសិ​នបើភាគីពាក់ព័ន្ធ ជាពិសេសថៅកែក្រុមអភិវឌ្ឍផ្សារTCC មិនចេញមកដោះស្រាយជូនអតិថិជន ដូចមានចែងក្នុងកិច្ចសន្យា ដែលបានព្រមព្រៀងគ្នាទេនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here