ដោយៈ ហ្វីអូណា
ប្រទេសចិនៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Jing Guangjun នាយករង និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) ដែលជាសមាជិករបស់ក្រុមហ៊ុនធំបំផុត៥០០ នៅលើពិភពលោក (Fortune 500) និងមានក្រុមហ៊ុន Wanli Tires ដែលផលិតកង់រថយន្តដ៏ធំរបស់ប្រទេសចិនជាបុត្រសម្ព័ន្ធ។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីទំនាក់ទំនងដែកថែបរវាងកម្ពុជា-ចិន ដែលឆ្នាំនេះក៏ជាខួបទី៦៥ នៃទំនាក់ទំនងការទូតរវាងភាគីទាំងពីរផងដែរ។ក្នុងទិសដៅដើម្បីជំរុញ ឱ្យក្រុមហ៊ុនសម្រេចចិត្តចូលមកវិនិយោគនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានលើកបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ដែលកើនជាមធ្យម៧%ជារៀងរាល់ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មុនស្ថានភាពជំងឺកូវីដ១៩។
បន្ថែមពីនេះ ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេស ដែលកម្ពុជាបាននិងកំពុងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្ត សម្រាប់វិនិយោគិន រួមមាន អាកាសយានដ្ឋានថ្មីខេត្តសៀមរាប អាកាសយានដ្ឋានថ្មីក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។
ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ និងភាពរីកចម្រើនរបស់កម្ពុជាលោកស៊ុន ចាន់ថុល ក៏បានជម្រាបជូនក្រុមហ៊ុន ពីវិនិយោគិនដែលធ្លាប់ទទួលបានជោគជ័យ លើការដាក់បណ្ដាក់ទុនផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជាផងដែរ។ បន្ទាប់បានស្តាប់ការពន្យល់របស់ ពីលោកឧបនាយករដ្ឋមន្ត្រី លោកនាយករងក្រុមហ៊ុន បានសម្តែងនូវការស្ងប់ស្ងែង ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ពិសេសការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍនៃសង្គមកម្ពុជា។ អាស្រ័យហេតុនេះ ដោយមើលឃើញនូវភាពរីកចម្រើនជារួមរបស់កម្ពុជា និងតបតាមការជម្រុញ លើកទឹកចិត្តរបស់លោក ឧបនាយករដ្ឋមន្ត្រី ក្រុមហ៊ុនបានធ្វើការសម្រេចចិត្ត នឹងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជា។
តាមរយៈការបង្ហាញឆន្ទះយ៉ាងមុតមាំ របស់ក្រុមហ៊ុនក្នុងការសិក្សាលម្អិត លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ ក្រុមហ៊ុន ដែលមានបំណងជ្រើសរើសយកប្រទេសកម្ពុជា ដើម្បីវិនិយោគសាងសង់រោងចក្រ ផលិតសំបកកង់រថយន្តរបស់ខ្លួន។
លោកឧបនាយករដ្ឋមន្ត្រី នឹងព្យាយាមផ្តល់ការសម្របសម្រួលលើការសិក្សារបស់ក្រុមហ៊ុន ដើម្បីអាចឱ្យក្រុមហ៊ុនចាប់ផ្តើមការវិនិយោគ សាងសង់រោងចក្រ និងផលិតសំបកកង់ទី១របស់ខ្លួននៅកម្ពុជា ឱ្យបានលឿនបំផុត៕