ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Zhaoyuan Lin នាយកប្រតិបត្តិក្រុមហ៊ុន Yuexiu Group។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនព័ត៌មានអំពីការរីកចម្រើនថ្មីៗ និងសក្តានុពល សម្រាប់ការវិនិយោគនៅកម្ពុជា ដោយកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ច្បាប់វិនិយោគ អំណោយផលដោយបើកទូលាយ សម្រាប់គ្រប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស។
ក្នុងនោះកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាដៃគូ ជាច្រើនទៀតផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេស ដែលបាននិងកំពុងអភិវឌ្ឍរួមមាន ផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានថ្មីខេត្តសៀមរាប ការត្រៀមបើកដំណើរការអាកាស យានដ្ឋានថ្មីក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និង គម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។
បន្ទាប់ពីបានទទួលស្តាប់ការពន្យល់បង្ហាញដោយ លោកឧបនាយករដ្ឋមន្ត្រី អំពីសក្តានុពល និងភាព រីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា លោកនាយកប្រតិបត្តិក្រុមហ៊ុន បានបង្ហាញចំណាប់អារម្មណ៍ លើវិស័យមួយចំនួននៅប្រទេសកម្ពុជា រួមមានវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យ និងកសិឧស្សាហកម្មជាដើម។
ថ្នាក់ដឹកនាំក្រុមហ៊ុនបានបង្ហាញអំពីវិស័យ ដែលខ្លួនធ្លាប់បានវិនិយោគកន្លងមក រួមមាន សណ្ឋាគារ អគារពាណិជ្ជកម្ម អគារស្នាក់នៅ ធនាគារ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង វិស័យកសិឧស្សាហកម្មជាដើម។ ពិសេសជាងនេះ ក្រុមហ៊ុនបានសម្រេច នឹងរៀបចំកិច្ចពិភាក្សាផ្ទៃក្នុងមួយ បន្ទាប់ពីបញ្ចប់ជំនួបនេះ ដើម្បីជជែកនិងសិក្សាលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងក្របខណ្ឌណាមួយ។
ជម្រាបបន្ថែមជូនក្រុមហ៊ុន លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមនិងក្រុមការងារបានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីផ្ដល់ការពិគ្រោះយោបល់ និងសម្របសម្រួល រាល់នីតិវិធីវិនិយោគនៅកម្ពុជា៕