តែម សុខុម
បាងកកៈ ដោយចូលកាន់តំណែងមិនទាន់បានពីរខែស្រួលបួលផង នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានទទួលយកតួនាទីជា “អ្នកលក់” (Salesman)។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២២ ខែតុលា។
លោក Srettha Thavisin បានចេញទៅក្រៅប្រទេសដើម្បីទាក់ទាញការវិនិយោគ និងដើម្បីផ្សព្វផ្សាយពីគម្រោងសាងសង់ផ្លូវកាត់សមុទ្រ (Land Bridge) ដ៏ធំមួយភាគខាងត្បូងថៃ ដើម្បីឈានទៅរកការសម្រេចគោលដៅជាយុទ្ធសាស្ត្ររបស់ប្រទេសថៃ។
អំឡុងបទសម្ភាសន៍ជាមួយបណ្ដាញព័ត៌មានទូរទស្សន៍នៃកាសែត The Nation លោកបានចែករំលែកទស្សនវិស័យរបស់លោកអំពីរយៈពេល២ខែដំបូងដែលលោកចូលកាន់តំណែងជានាយករដ្ឋមន្ត្រី។លោកបានបញ្ជាក់ថា អំឡុងពេល២ខែកន្លងមកនេះ លោកបានជួបជាមួយមេដឹកនាំនៃប្រទេសជិតខាងមួយចំនួន។ លោកថ្លែងថា ជំនួបទាំងនោះពិតជាមានសារៈសំខាន់ណាស់ ហើយក្នុងនោះរួមមានទាំងការចូលរួមរបស់លោកនៅក្នុងសន្និបាតដ៏ធំមួយរបស់អង្គការសហប្រជាជាតិ (UN) កាលពីពាក់កណ្ដាលខែកញ្ញា ជាពេលដែលលោកបានជួបជាមួយមេដឹកនាំជាច្រើនផងដែរ។
មួយក្នុងចំណោមចំណុចសំខាន់ៗដែលលោកផ្ដោតយកចិត្តទុកដាក់ខ្លាំងគឺ ការចូលរួមជាមួយបណ្ដាថ្នាក់ដឹកនាំអាជីវកម្មដើម្បីពិភាក្សាអំពីការវិនិយោគរបស់បរទេសនៅក្នុងប្រទេសថៃ។ លោកក៏បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា សង្ហបុរី ម៉ាឡេស៊ី ព្រុយណេ និងហុងកុង ផងដែរដើម្បីចូលរួមជួបប្រជុំជាមួយបណ្ដាវិនិយោគិន។
លោក Srettha Thavisin ក៏បានលើកឡើងដែរអំពីការពិភាក្សារបស់លោកជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង ជាពិសេសអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាននៅក្នុងតំបន់អាស៊ាន ជាមួយនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅពេលអនាគតឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក។ លោកបានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលត្រូវស្នើគម្រោងថ្មីៗជាពិសេសរថភ្លើងល្បឿនលឿនពីប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីសម្រួលដល់ការតភ្ជាប់ថ្នាក់តំបន់។
ទន្ទឹមនេះលោកក៏បាននិយាយអំពីគម្រោងសាងសង់ផ្លូវកាត់សមុទ្រដ៏ធំនៅភាគខាងត្បូងរបស់ថៃ ដែលអាចធ្វើឱ្យទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសថៃ កាន់តែទាក់ទាញវិនិយោគិនបរទេសបានកាន់តែច្រើនឱ្យមកបោះមូលដ្ឋានផលិតកម្មរបស់ពួកគេនៅក្នុងប្រទេសនេះ៕ The Nation ៕