Hattha top Banner

កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត ចុះ MoU និងកិច្ចព្រមព្រៀងតម្លៃជិត១៦ពាន់លានដុល្លារ

0

តែម សុខុម

សេអ៊ូលៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman ដែលជានាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប៊ីសាឌីត កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើគ្រប់វិស័យឧស្សាហកម្ម។

ក្នុងជំនួបកំពូលរវាងមេដឹកនាំទាំងពីររ រដ្ឋាភិបាល និងក្រុមហ៊ុនសហគ្រាសនានាមកពីប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងកិច្ចព្រមព្រៀងតម្លៃ១៥,៦ពាន់លានដុល្លារ បន្ថែមពីលើកិច្ចព្រមព្រៀងដែលមានតម្លៃ២៩ពាន់លានដុល្លារ អំឡុងដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ទៅកាន់ទីក្រុងសេអ៊ូល កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ២៣ ខែតុលា។

លោក Yoon Suk Yeol និងព្រះអង្គម្ចាស់ Mohammed bin Salman បានជួបគ្នាក្នុងព្រះរាជវាំង Al Yammah ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។

លោក Yoon Suk Yeol បានធ្វើដំណើរទៅដល់ទីក្រុងរីយ៉ាដ (RIYADH) ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ដែលនេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។

ដើម្បីស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង យន្តហោះចម្បាំងពីរគ្រឿងធុន F-15 របស់កងទ័ពអាកាសអារ៉ាប៊ីសាអូឌីត បានបើកអមយន្តហោះរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។

អំឡុងជំនួប មានដឹកនាំនៃប្រទេសទាំងពីរបានផ្ដោតលើកិច្ចសហប្រតិបត្តិការភាពជាដៃគូសេដ្ឋកិច្ចទ្វេភាគី។

យោងតាមការិយាល័យប្រធានាធិបតីឱ្យដឹងថា លោក Yoon Suk Yeol ថ្លែងថា នេះគឺជាខួបឆ្នាំទី៥០ ដែលបណ្ដាក្រុមហ៊ុនកូរ៉េខាងត្បូង ចូលទៅរកស៊ីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានបន្ថែមថា លោកសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងទ្វេភាគីអំឡុងដំណើរទស្សនកិច្ចរបស់លោក។

ព្រះអង្គម្ចាស់ Mohammed bin Salman បានឆ្លើយតបថា ទ្រង់ចង់ឃើញវឌ្ឍនភាពនៅក្នុងកិច្ចសហប្រតិបត្តិការជាក់ស្ដែងជាមួយប្រទេសកូរ៉េខាងត្បូង ជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ៗនៃចក្ខុវិស័យឆ្នាំ២០៣០ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយរំពឹងថា ទំនាក់ទំនងទ្វេភាគីនឹងរីកកាន់តែធំ៕ Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here