ដោយ: គង់ លាងហួរ
ប៉េកាំង: លោក Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន បានបញ្ជាក់ក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២១ ខែតុលាថា ប្រទេសចិននឹងជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដោយផ្តោតលើការពង្រីកតម្រូវការក្នុងស្រុក និងទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ។
លោក Pan បានបញ្ជាក់ក្នុងរបាយការណ៍នោះថា ធនាគារកណ្តាលចិននឹងធ្វើឱ្យគោលនយោបាយរបស់ខ្លួនកាន់តែមានភាពច្បាស់លាស់ និងស្វាហាប់ ព្រមទាំងណែនាំឱ្យស្ថាប័នហិរញ្ញវត្ថុនានាបញ្ចុះអត្រាការប្រាក់លើកម្ចីពិតប្រាកដ និងកាត់បន្ថយថ្លៃដើមហិរញ្ញប្បទាន(financing costs)សម្រាប់ក្រុមហ៊ុននានា និងបុគ្គល។
របាយការណ៍នេះមានសារសំខាន់ណាស់ ព្រោះវាជាលើកដំបូងហើយ ដែលទេសាភិបាលធនាគារកណ្តាលចិនបង្ហាញមតិលើគោលនយោបាយ បន្ទាប់ពីមានការបោះពុម្ពផ្សាយទិន្នន័យសេដ្ឋកិច្ចចិនប្រចាំត្រីមាសទី៣រួចមក។ របាយការណ៍នេះរៀបរាប់អំពីអាទិភាពរយៈពេលខ្លីរបស់អាជ្ញាធរចិន ហើយត្រូវបានដាក់បញ្ជូនទៅសភារបស់ប្រទេសចិន។
លោក Pan បានអះអាងថា កិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើងដើម្បីធ្វើឱ្យទីផ្សារមូលធនមានភាពសកម្មឡើងវិញ និងជំរុញស្តារទំនុកចិត្តរបស់វិនិយោគិន។






