Hattha top Banner

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបង្ហាញអ្នកធុរកិច្ចចិនពីលក្ខខណ្ឌល្អប្រសើរមួយចំនួន ដែលគួរវិនិយោគនៅកម្ពុជា

0

ដោយៈ គង់ ហ្វីអូណា

ប្រទេសចិនៈ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាកិត្តិយសក្នុងវេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ឆ្នាំ២០២៣ របស់សម្ព័ន្ធភស្ដុភារកម្មសកល (Global Logistic Alliance) តបតាមការអញ្ជើញរបស់លោកស្រី Sun Grace ប្រធានសម្ព័ន្ធ។

ក្នុងវេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ឆ្នាំ២០២៣ ដែលបានប្រារពធ្វើកាលពីថ្ងៃទី២២ តុលា ជាវេទិកាដែលប្រារព្វឡើងដើម្បីបង្កើនបណ្ដាញទំនាក់ទំនង ជាមួយវិនិយោគិនចិន-កម្ពុជា លើវិស័យដឹកជញ្ជូន និងភស្ដុភារកម្ម ក្រោមការរៀបចំរបស់សម្ព័ន្ធភស្ដុភារកម្មសកលដែលជាសម្ព័ន្ធមាន បណ្តាញក្រុមហ៊ុនដឹកជញ្ជូនច្រើនជាង៥០០០ មកពីជាង១៧០ប្រទេស តភ្ជាប់កំពង់ផែធំៗជុំវិញពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីយុទ្ធសាស្រ្តទាក់ទាញវិនិយោគិនរបស់កម្ពុជា តាមរយៈការបង្ហាញអំពីសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចប្រ​មាណ៧ភាគរយជាប់គ្នា ក្នុងរយៈពេល២០ឆ្នាំ មុនស្ថានភាពជំងឺកូវីដ១៩។ លោកបញ្ជាក់ថា “កម្ពុជាមានធនធានមនុស្ស ដែលមានវ័យក្រោ​ម២៥ឆ្នាំ រហូតដល់៦០ភាគរយ ដែលសុទ្ធសឹងជាធនធានដ៏សំខាន់សម្រាប់កិច្ចការងារវិនិយោគ របស់ក្រុមហ៊ុនបណ្ដាក់ទុននៅកម្ពុជា”។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីកត្តា៣ ដែលកំណត់ភាពជោគជ័យក្នុងការវិនិយោគ រួមមានទី១ ទីតាំង ទី២ ធនធានមនុស្ស និងទី៣ ទុនវិនិយោគ។ ដើម្បីឱ្យការវិនិយោគមួយជោគជ័យ កម្ពុជាបានត្រៀមរួចជាស្រេចនូវទីតាំង និងធនធានមនុស្សសម្រាប់បំពេញតម្រូវការរបស់ក្រុមហ៊ុន និងរង់ចាំតែការសម្រេចចិត្តរបស់វិនិយោគិន ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ក្នុងនោះ ច្បាប់ក៏ជាកត្តាសំខាន់មួយ ក្នុងកិច្ចការងារវិនិយោគផងដែរ។ កាលពីឆ្នាំ២០២១កន្លងទៅ កម្ពុជាបានដាក់ចេញនូវច្បាប់វិនិយោគថ្មី ដែលនឹងកាន់តែផ្ដល់ភាពងាយស្រួល ក្នុងការវិនិយោគ ស្របតាមជំហរបើកចំហរទីផ្សារសេរីរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលបានបន្តថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ សុទ្ធសឹងតែជាគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រួល លើការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនរបស់វិនិយោគិនផងដែរ។ តាមរយៈការអភិវឌ្ឍមិនឈប់ឈររបស់រាជរដ្ឋាភិបាល បានធ្វើឱ្យសូចនាករសង្ឃឹមរស់របស់ប្រជាពល​រដ្ឋកម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ចាប់ពីឆ្នាំ១៩៩៨មក។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនពីផែនការយុទ្ធសា​ស្រ្តថ្មីៗរបស់កម្ពុជារួមមាន ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ដែលមាន១៧៤គម្រោង ជាមួយតម្លៃសរុបប្រមាណ៥០ពាន់លានដុល្លារអាមេរិចក្នុងផែនការ។

ក្រៅពីផែនការយុទ្ធសាស្រ្តនៅក្នុងប្រទេស លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបអំពីផែនការសហប្រតិបត្តិការ ជាមួយប្រទេសជាដៃគូដទៃទៀតរួមមាន កិច្ចការងារសម្របសម្រួលអន្តរដ្ឋាភិបាលរវាងកម្ពុជា-ចិន ដែលមានលោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងលោក វ៉ាង យី ជាសហប្រធាន ដើម្បីអនុវត្តផែនការកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ បន្ថែមពីនេះ ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ វប្បធម៌ រវាងប្រទេសទាំងពីរ ក៏ត្រូវបានជម្រាបជូនផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវភាពរីករាយចំពោះកម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន ដែលបានរួមចំណែកយ៉ាងសកម្មជំរុញភាពរីកចម្រើន និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here