ដោយៈ គង់ ហ្វីអូណា
សៀមរាបៈ ក្រុមហ៊ុនធំ BYD របស់ចិន ត្រៀមបើកឱ្យប្រើប្រាស់បន្ទប់តាំងបង្ហាញរថយន្តថ្មីមួយកន្លែងទៀត នៅខេត្តសៀមរាបក្នុងឆ្នាំ២០២៤ ដែលនឹងផ្តល់ឱកាសការងារចំនួន៣០០កន្លែង។
កម្ពុជាក៏បានផ្តល់យោបល់ឱ្យក្រុមហ៊ុននេះ សិក្សាលទ្ធភាពសាងសង់រោងចក្រ សង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត នៅកម្ពុជាផងដែរ ខណៈក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ចិន វ៉ាន់លី ថាយអឺ (Wanli Tires) បានសម្រេចចិត្តនឹងមកសិក្សាលម្អិត ដើម្បីពិនិត្យលទ្ធភាពបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា។
ក្នុងជំនួបជាមួយ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅឯប្រទេសចិនកាលពីសប្តាហ៍មុន លោក ខេឌីង លូ (Kading Liu) នាយករងក្រុមហ៊ុន BYD បានលើកឡើងអំពីគម្រោងពង្រីក អាជីវកម្មរបស់ក្រុមហ៊ុន BYD នៅកម្ពុជា។
យោងតាមហ្វេសប៊ុកឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុន [BYD] កំពុងស្ថាបនាមណ្ឌលផ្ដល់សេវារបស់ខ្លួនចំនួន២ និងបន្ទប់តាំងបង្ហាញរថយន្តចំនួន២ ព្រមទាំងត្រៀមបើកឱ្យប្រើប្រាស់បន្ទប់ តាំងបង្ហាញរថយន្តថ្មីមួយកន្លែងទៀត នៅខេត្តសៀមរាបក្នុងឆ្នាំ២០២៤។
ហ្វេសប៊ុកដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុន BYD ក៏នឹងនាំរថយន្តប្រភេទថ្មីផ្សេងៗទៀត ចូលមកកាន់ទីផ្សាររបស់កម្ពុជាផងដែរ ដោយហេតុថាក្រុមហ៊ុន បានមើលឃើញអំពីស្ថិរភាពនយោបាយ សក្តានុពលសេដ្ឋកិច្ច ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធសង្គម គោលនយោបាយឌីជីថលកម្ពុជា និងពិសេសការកើនឡើងយ៉ាងឆាប់រហ័សនៃចរាចរណ៍ យានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា។
លោកស៊ុន ចាន់ថុល បានជម្រុញលើកទឹកចិត្តឱ្យក្រុមហ៊ុន BYD ចូលរួមតម្លើងស្ថានីយសាករថយន្តអគ្គិសនី ក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា ដែលប្រើប្រាស់យានយន្តអគ្គិសនី។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់យោបល់ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពសាងសង់រោងចក្រ សង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត នៅប្រទេសកម្ពុជា ដោយហេតុថា៦៥ភាគរយ នៃចំនួនប្រជាជនកម្ពុជាសរុប គឺមានអាយុស្ថិតក្នុងវ័យក្មេង ប្រកបដោយផលិតភាពខ្ពស់ ដែលអាចចូលរួមក្នុងផលិតកម្ម ដើម្បីផ្គត់ផ្គង់សម្រាប់មហាអនុតំបន់មេគង្គ។
លោកបានបញ្ជាក់ប្រាប់លោក ខេឌីង លូ អំពីហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានសៀមរាបអង្គរថ្មី ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងកំពង់ផែទឹកជ្រៅ នៅក្រុងព្រះសីហនុ ព្រែកជីកហ្វូណនតេជោ និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតជាដើម។
ដើម្បីជម្រុញការបណ្ដាក់ទុន ក្នុងក្របខ័ណ្ឌយានយន្តអគ្គិសនីឱ្យបានកាន់តែច្រើន លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុន BYD ចូលរួមផ្តល់ធាតុចូលអំពីបទដ្ឋាននានា ដែលខ្លួនធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមក លើវិស័យយានយន្តអគ្គិសនី (EV) ជូនមកកម្ពុជា ដើម្បីអាចឱ្យក្រសួងពាក់ព័ន្ធ ទទួលបានជាធាតុចូលសម្រាប់តាក់តែងលិខិតបទដ្ឋានគតិយុត្តិនានា ទាក់ទងនឹងការវិនិយោគលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា៕