ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ លោកឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
បន្ទាប់ពីបានជូនរបាយការណ៍វឌ្ឍនភាព ការងារប្រចាំខែតុលា និងទិសដៅការងារបន្តរួចមក លោករដ្ឋមន្រ្ដី បានមានប្រសាសន៍ឱ្យថ្នាក់ដឹកនាំ និងសមាជិកអង្គប្រជុំយកចិត្តទុកដាក់ ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងក្រោមការដឹកនាំដ៏ឈ្លាសវៃនៃសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល មានកសាងកម្ពុជាមានមហិច្ឆិតា លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ ។ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្ដនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញកម្មវិធីសំខាន់ចំនួន៤ ដូចជា
ទី១ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ដោយខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវ ពីផ្លូវក្រាលក្រួសក្រហមឱ្យទៅជាផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបានសេវាសាធារណៈ គ្រប់រដូវកាល និងបែងចែកកំណើនសេដ្ឋកិច្ចទៅដល់តំបន់ជនបទ ។
ទី២ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅជំរុញសេវាគ្របដណ្តប់១០០% នៃទឹកស្អាត និងអនាម័យនៅត្រឹមឆ្នាំ២០៣០ ។
ទី៣ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការចូលរួមអនុវត្តន៍ យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយជំរុញការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។
ទី៤ ពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។
លោករដ្ឋមន្រ្ដី បានលើកឡើងអំពីវឌ្ឍនភាព វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបាន៨០% ហើយ ព្រមទាំងបានណែនាំ ឱ្យបន្ដជំរុញបង្កើតភូមិគំរូបន្ថែមទៀត លើភូមិគំរូ ដែលមានស្រាប់ចំនួន៣០ភូមិ។
ដោយឡែកចំពោះបញ្ហាផ្សេងៗ លោករដ្ឋមន្រ្ដី បានលើកឡើងអំពីការងារមួយចំនួន ដូចខាងក្រោម ទី១ ចូលរួមការរៀបចំប្រទីបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអបអរសាទរក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នាពេលខាងមុខ ទី២ បង្កើតគណៈកម្មការមួយចំនួន ដើម្បីជាយន្តការដឹកនាំសមូហភាព និងសម្របសម្រួលការងារតាមវិស័យ ទី៣ ការងារបណ្ដុះបណ្ដាលលើការងារដឹកនាំដល់មន្ត្រីជំនាញ ដើម្បីពង្រឹងស្ថាប័ន ដែលត្រូវតែជាមន្ត្រីប្រកបដោយគុណវុឌ្ឍិ គុណធម៌ និងគុណតម្លៃ ទី៤ អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាព និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ត្រូវអនុវត្តន៍របបប្រជុំត្រួតពិនិត្យការងារប្រចាំខែ ត្រីមាស ឆមាស និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរផងដែរ៕