ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអាផាតមុិននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលជាទីក្រុងធំជាងគេបំផុតទាំងពីរក្នុងប្រទេសវៀតណាម បន្តហក់ឡើងខ្ពស់ ដោយសារតម្រូវការខ្ពស់ និងការផ្គត់ផ្គង់នៅមានកម្រិត។
យោងតាមរបាយការណ៍ថ្មីមួយរបស់ក្រសួងសំណង់វៀតណាមបានបង្ហាញថា តម្លៃអចលនទ្រព្យក្នុងទីផ្សារដំបូង (primary market) នៅទីក្រុងទាំងពីរនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយអាផាតមុិនត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះពី២ទៅដល់៤ពាន់លានដុង។ តម្លៃអាផាតមុិននៅទីក្រុងហាណូយបានកើនឡើងជាមធ្យមជិត៧ភាគរយធៀបនឹងត្រីមាសមុន និង១៤ភាគរយធៀបនឹងឆ្នាំមុន ដែលឈានដល់ជិត៥១លានដុងក្នុងមួយម៉ែត្រការ៉េ។តម្លៃអចលនទ្រព្យនៅក្នុងទីផ្សារបន្ទាប់បន្សំ(secondary market)ក៏បានកើនឡើងផងដែរ ដោយស្ទើរតែគ្រប់ស្រុកទាំងអស់បានរាយការណ៍ពីការកើនឡើងនៃតម្លៃអាផាតមុិនធៀបនឹងត្រីមាសមុន។
តម្លៃអាផាតមុិនក្នុងទីផ្សារបន្ទាប់បន្សំនៅទីក្រុងហូជីមិញបានកើនឡើង៣ភាគរយបើធៀបនឹងត្រីមាសមុន ដែលឈានដល់៤៥លានដុងក្នុងមួយម៉ែត្រការ៉េ។ ជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវទីផ្សារជាច្រើនក៏បានរកឃើញផងដែរថា តម្លៃអាផាតមុិនបានបន្តកើនឡើង បើទោះបីជាការផ្គត់ផ្គង់មានភាពប្រសើរឡើងវិញយ៉ាងណាក្តី។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ Savills បានបង្ហាញថា តម្លៃអាផាតមុិន(Primary apartment)នៅទីក្រុងហាណូយ បានកើនឡើងចំនួន១៩ត្រីមាសជាប់ៗគ្នា ដោយកើនឡើង៧៧ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៩។
នៅត្រីមាសទី៣ តម្លៃផ្ទះអាផាតមុិនជាមធ្យមនៅទីក្រុងហាណូយបានឈានដល់៥២លានដុងក្នុងមួយម៉ែត្រការ៉េ ពោលគឺកើនឡើង១៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕