ដោយៈ ហ្វីអូណា
ព្រះសីហនុៈ តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត នឹងរូបរាងឡើងក្នុងស្រុកព្រៃនប់នាពេលឆាប់ៗខាងមុខនេះ តាមរយៈជំនួបរវាងលោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីងលោកWang Mingyu ។ជាមួយគ្នានេះ កាលពីសប្តាហ៍មុន នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើគម្រោងចំនួន៣ រៀបចំដោយសមាគមអ្នកវិនិយោគចិននៅកម្ពុជា ដែលរួមបញ្ចូលនូវការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។
អនុស្សរណៈនៃការយោគយល់ទាំងបីនោះ រួមមាន ទី១-អនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការ លើគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យផ្សេងទៀត នៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។
ទី២ -អនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហការវិនិយោគលើការបណ្តុះបណ្ដាលវិស័យអប់រំ បដិសណ្ឋារកិច្ច ដែលត្រូវជ្រើសរើសសិស្ស និសិ្សតវិទ្យាល័យនៅកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន និងទី៣- អនុស្សរណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕