ដោយ: គង់ លាងហួរ
អន្តរជាតិ: អតីតកប៉ាល់ទេសចរណ៍ខ្នាតយក្ស MV Doulos Hope ដែលបច្ចុប្បន្នប្រែក្លាយជាបណ្ណាល័យ ឬបណ្ណាគារអណ្តែតទឹកដ៏ធំបំផុតរបស់ពិភពលោក ដែលជាកម្មសិទ្ធិរបស់អង្គការសប្បុរសធម៌អាល្លឺម៉ង់GBA Ships បានធ្វើដំណើរទៅកាន់ទីក្រុងបាងកក កាលពីដើមសប្តាហ៍នេះ។
កប៉ាល់ខ្នាតយក្សនេះបាន និងកំពុងចូលចតនៅឯកំពង់ផែបាងកកក្នុងសង្កាត់ Khong Toei រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា។
ដោយត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៨៩ ក្នុងនាមជាកប៉ាល់ទេសចរណ៍ខ្នាតយក្ស ប៉ុន្តែឥឡូវនេះវាក្លាយជាបណ្ណាល័យ ឬបណ្ណា គារអណ្តែតទឹក MV Doulos Hope ដែលមានដាក់តាំងសៀវភៅអប់រំជាភាសាអង់គ្លេសជាង២.០០០ចំណងជើង ដែលអ្នកទស្សនាអាចទិញបានក្នុងតម្លៃពិសេស។
មុននឹងចូលចតនៅប្រទេសថៃ កប៉ាល់ MV Doulos Hope ត្រូវបានចតនៅកំពង់ផែ Kota Kinabalu របស់ប្រទេសម៉ាឡេស៊ី ហើយបន្ទាប់ពីចាកចេញពីទីក្រុងបាងកក វានឹងចេញដំណើរទៅកាន់ខេត្តព្រះសីហនុ ក្នុងប្រទេសកម្ពុជារបស់យើង។






