Hattha top Banner

នាយករដ្ឋមន្ត្រីជប៉ុនប្តេជ្ញាជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ និងស្តារស្ថិរភាពទំនាក់ទំនងជាមួយប្រទេសចិន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: កាលពីថ្ងៃចន្ទទី២៣ ខែតុលា កន្លងទៅនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio kishida បានប្រកាសដាក់ចេញនូវវិធានការអាទិភាពមួយចំនួនទៅក្នុងផែនការជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ។

ទាក់ទិនទៅនឹងគោលនយោបាយការបរទេសរបស់ប្រទេសជប៉ុនលោក kishida បានផ្តោតជាសំខាន់លើទំនាក់ទំនងជាមួយប្រទេសចិន និងកូរ៉េខាងជើង។ លោក kishida បានថ្លែងបែបនេះនៅក្នុងសភាស្របពេលដែលប្រជាប្រិយភាពរបស់លោកកំពុងធ្លាក់ចុះខ្លាំង។កម្រិតប្រជាប្រិយភាពរបស់លោក fumio kishida បានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះចាប់តាំងពីបានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុនកាលពី ខែ តុលា ឆ្នាំ២០២១។

ការធ្លាក់ចុះនៃប្រជាប្រិយភាព នេះអាចជះផលប៉ះពាល់មិនត្រឹមតែតំណែងលោក kishida ក្នុងនាមជាប្រមុខរដ្ឋាភិបាលជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះផលប៉ះពាល់ផងដែរដល់តំណែងរបស់លោកក្នុងនាមជាប្រធានគណបក្សប្រជាធិបតេយ្យសេរី ស្របពេលដែលការបោះឆ្នោត ជ្រើសរើសប្រធានថ្មីរបស់គណបក្សនេះគ្រោងនឹងរៀបចំធ្វើឡើងនៅឆ្នាំ២០២៤ខាងមុខនេះ។

“សេដ្ឋកិច្ច សេដ្ឋកិច្ច សេដ្ឋកិច្ច សេដ្ឋកិច្ច ជាវិស័យសំខាន់ជាងគេ និងជាអាទិភាពរបស់ខ្ញុំ”គឺជាពាក្យនិងប្រយោគ ដែលលោក kishida បានបញ្ជាក់ជាច្រើនលើកជាច្រើនសារនៅក្នុងការថ្លែងសុន្ទរកថារបស់លោកនៅឯសភាកាលពីថ្ងៃចន្ទម្សិលមិញ។

វិធានការអាទិភាពចំនួន៣ចំណុច ដែលលោក kishida បានដាក់បញ្ចូលទៅក្នុងផែនការថ្មីនោះរួមមានដូចជាវិធានការទី១: កាត់បន្ថយការប្រមូលពន្ធពីប្រជាពលរដ្ឋ វិធានការទី២:ដំឡើងប្រាក់ខែ និងវិធានទី៣: ជំរុញឱ្យរោងចក្រ និងសហគ្រាសបង្កើនការវិនិយោគរបស់ពួកគេ។ លោកបានបន្ថែមថា ក្នុងរយៈពេល២ឬ៣ឆ្នាំខាងមុខនេះ រដ្ឋាភិបាលជប៉ុននឹងពង្រឹងវិធានការគាំទ្រ ដែលអាចចូលរួមជួយពង្រឹងសមត្ថភាពផ្គត់ផ្គង់របស់ប្រទេសនេះ ដោយផ្តោតជាសំខាន់ទៅលើការវិនិយោគ នៅក្នុងវិស័យដែលទាក់ទងនឹងសន្តិសុខជាតិជាពិសេស ក្នុងវិស័យបន្ទះsemiconductor។

ជាមួយនឹងទីក្រុងប៉េកាំងលោក kishida ចង់បានទំនាក់ទំនងមួយប្រកបដោយស្ថិរភាព និងការស្ថាបនា។ ទោះជាយ៉ាងនេះក្តីលោកក៏បានអំពាវនាវឱ្យប្រទេសចិនដកចេញនូវវិធានការហាមឃាត់ការនាំចូលគ្រឿងសមុទ្រ ពីប្រទេសជប៉ុនផងដែរ។

ជាក់ស្តែងប្រទេសចិន បានផ្អាកការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុនចាប់តាំងពីដំណាច់ខែសីហាឆ្នាំនេះមកម្ល៉េះ ខណៈដែលទីក្រុងតូក្យូបានសម្រេចចិត្តបង្ហូរទឹកចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here