ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនជំនាញផលិតថាមពល ឈានមុខគេរបស់ប្រទេសថៃ B.Grimm Power Plc (BGRIM) បានបន្តការពង្រីករបស់ខ្លួន នៅក្នុងវិស័យថាមពលកកើតឡើងវិញ ដោយថ្មីៗនេះ ក្រុមហ៊ុនបានផ្តួចផ្តើម គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ នៅក្នុងប្រទេសអ៊ីតាលី។
លោក Harald Link ប្រធានក្រុមហ៊ុនBGRIM បានមានប្រសាសន៍ថា ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការសាងសង់ និងអភិវឌ្ឍរោងចក្រថាមពលកកើតឡើងវិញ នៅក្នុងប្រទេសកម្ពុជា កូរ៉េខាងត្បូង ជប៉ុន វៀតណាម ហ្វីលីពីន ក្រិក សហរដ្ឋអាមេរិក អូស្ត្រាលី អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងប្រទេសថៃ។
តួយ៉ាង កាលពីឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុនB.Grimm Power Plc (BGRIM) បានសម្រេចចូលមកបណ្តាក់ទុននៅកម្ពុជា លើគម្រោងថាមពលពន្លឺព្រះអាទិត្យ ក្រោយពីទទួលបានប្រាក់កម្ចីចំនួន២៨,១លានដុល្លារអាមេរិក ពីធនាគារធំៗចំនួន៣របស់ប្រទេសថៃ។
លោក Link បានបន្តថា ពេញមួយឆ្នាំ២០២៣នេះ ក្រុមហ៊ុនរបស់លោកបានបោះទុនវិនិយោគ លើរោងចក្រថាមពលកកើតឡើងវិញ ក្រោមគម្រោងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា។
លោក Link បានបញ្ជាក់ទៀតថា “ក្រុមហ៊ុន B.Grimm Power ក៏ត្រូវបានជ្រើសរើសឱ្យផលិត និងផ្គត់ផ្គង់អគ្គិសនីចេញពីប្រភពកកើតឡើងវិញសម្រាប់រដ្ឋាភិបាលថៃ ចំនួន៣៣៩មេហ្គាវ៉ាត់ផងដែរ”។






