ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនCCCCរបស់រដ្ឋាភិបាលចិន បាននិងកំពុងវិនិយោគគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗ ពិសេសនឹងជីកព្រែកជីកតេជោហ្វូណននាពេលខាងមុខនេះ។
ដោយសារគុណតម្លៃ និងកិច្ចសហប្រតិបត្តិការធំៗជាច្រើនកន្លងមក លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ច និងពិភាក្សាការងារ តាមការអញ្ជើញរបស់លោក Wang Haihuai នាយកប្រតិបត្តិក្រុមហ៊ុន CCCC នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងប្រទេសចិនកាលពីដើមសប្តាហ៍នេះ។
-->
តាមរយៈឱកាសជួបពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យមាននិស្សិត វិស្វករពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន អាចទទួលបានឱកាសចុះ ទៅសិក្សាទទួលយកបទពិសោធន៍ អនុវត្តការងារដោយផ្ទាល់ ពីក្រុមហ៊ុនធំលំដាប់ពិភពលោកCCCCនេះ ក្នុងគោលបំណង ដើម្បីបង្កើននូវសមត្ថភាពនិស្សិតវិស្វករខ្មែរបន្ថែមទៀត។
សម្របតាមការលើកឡើង របស់លោកនាយកប្រតិបត្តិ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ អំពីកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលកម្ពុជាបាន និងកំពុងសហប្រតិបត្តិការជាមួយក្រុមហ៊ុនលើគម្រោងមួយចំនួន រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងទៀតជាច្រើនក្នុងប្រទេសកម្ពុជា។
លោកនាយកប្រតិបត្តិ បានសម្ដែងការស្វាគមន៍ ចំពោះលោក ឧបនាយករដ្ឋមន្ត្រី ចំពោះដំណើរទស្សនកិច្ច មកកាន់ក្រុមហ៊ុននាឱកាសនេះ។ ក្នុងនោះ លោកនាយកប្រតិបត្តិ បានលើកឡើងផងដែរអំពីបទពិសោធន៍ នៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ក្នុងរយៈពេល២២ឆ្នាំកន្លងទៅនេះ។
បន្ថែមពីនេះ ក្រុមហ៊ុនក៏បានរំលេចផងដែរថា ចាប់តាំងពីផ្តើមប្រតិបត្តិការដំបូងនៅប្រទេសកម្ពុជា ក្រៅពីកិច្ចការងារវិនិយោគ ក្រុមហ៊ុន បានចូលរួមការងារសង្គមនៅកម្ពុជា ជាបន្តបន្ទាប់រហូតមកដូចជាការកសាងសាលារៀន មន្ទីរពេទ្យ និងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋនៅសហគមន៍ជាដើម៕