នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ក្នុងជំនួបនេះ ឯកឧត្តម Anatoly Borovik បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រដ៏លើសលប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ និងចំពោះការចូលកាន់មុខតំណែងជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា របស់ សម្តេចធិបតី នៅក្នុងអាណត្តិទី៧ នេះ ដោយបានសម្តែងនូវការជឿជាក់ថា ចំណងមិត្តភាពរុស្សី-កម្ពុជា នឹងកាន់តែរីកចម្រើនរឹងមាំ បន្ថែមលើកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ក្នុងរយៈកាលនៃចំណងការទូតជាប្រវត្តិសាស្ត្រយូរលង់ប្រមាណ ៦៧ ឆ្នាំ កន្លងមកនេះ ។ មួយវិញទៀត ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានដើរតួនាទីក្នុងនាមជាប្រទេសសម្របសម្រួលអាស៊ាន-រុស្សី ដើម្បីលើកស្ទួយទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-រុស្សី បន្ថែមមួយកម្រិតទៀត ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលជាឱកាសសម្រាប់ការពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្ស៊ី និងបានរំឭកអំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងដំណាក់កាលដែលកាលនោះជាអតីតសហភាពសូវៀត បានជួយឧបត្ថម្ភគាំទ្រកម្ពុជាលើការស្តារកសាងប្រទេសឡើងវិញ បន្ទាប់ពីការដួលរលំនៃរបប ប៉ុល ពត ព្រមជាមួយនឹងការបញ្ជាក់ថា គោលនយោបាយការបរទេសរបស់កម្ពុជា មិនមានការប្រែប្រួលឡើយ ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី ។