រាជរដ្ឋាភិបាលថៃនឹងបញ្ចុះតម្លៃការធ្វើទិដ្ឋាការការងារដល់កម្មករ ខ្មែរមកត្រឹម៥០០បាតបាត(ជិត១៥ដុល្លារ) ចាប់ពីខែធ្នូ

0

ដោយៈ គង់ ហ្វីអូណា

        កំពង់ចាមៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកហេង សួរបានឲ្យដឹងថា រាជរដ្ឋាភិបាលនៃប្រទេសថៃ បានសម្រេច​បញ្ចុះ​តម្លៃ នៃការធ្វើ​ទិដ្ឋាការ​(VISA) ការងារ ​ដល់កម្មករ និយោជិតខ្មែរ ​ដែលទៅធ្វើការនៅប្រទេសថៃ ពីតម្លៃ១៩០០ (ប្រមាណ​៥០ដុល្លា) មកត្រឹម៥០០បាត (ជិត១៥ដុល្លារ)។

ក្នុង​ពិធីសំណេះសំណាលកម្មករ និយោជិតជាង១២,០០០នាក់ ​នៅខេត្តកំពង់ចាម ក្រោម​អធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​នៅថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០២៣ លោកហេង សួរ ​មានប្រសាសន៍ថា ​កាលពីជំនួបទ្វេភាគីរបស់សម្ដេចធិបតី បានស្នើទៅកាន់​នាយករដ្ឋមន្ត្រីថៃ ​ជួយកាត់បន្ថយនូវបន្ទុកចំណាយផ្សេងៗ របស់ពលករខ្មែរ ដែលទៅធ្វើការងារ​នៅប្រទេសថៃ ​ជាការឆ្លើយតប ​ទើបរាជរដ្ឋាភិបាលថៃ ​បានសម្រេច​បញ្ចុះ​នូវតម្លៃធ្វើទិដ្ឋាការ ដែល​ត្រូវអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០២៣តទៅ។លោកសេដ្ឋា ថាវីស៊ីន ​នាយករដ្ឋមន្ត្រី​នៃប្រទេសថៃ ​បានធ្វើដំណើរ​ទស្សនកិច្ច​ នៅក្រៅប្រទេសលើកដំបូង ​ក្នុងតំណែងជានាយករដ្ឋមន្ត្រី ​មកកាន់ប្រទេសកម្ពុជា ​កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ​មានជំនួបទ្វេភាគី​ និងពិភាក្សាការងារជាមួយសម្ដេចធិបតី ​លើការងារមួយចំនួន ។

ក្នុងជំនួបនោះនាយករដ្ឋមន្រ្តីទាំងពីរ ​បានសន្យាបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន​ ដូចជា ការផ្សារភ្ជាប់វិស័យសេដ្ឋកិច្ចឌីជីថល ​និងសេដ្ឋកិច្ចបៃតង​ វិស័យទេសចរណ៍​ វិស័យអប់រំ វិស័យ​ការងារ​ វិស័យការពារជាតិ​ រួមទាំងវិស័យសំខាន់ៗ​មួយចំនួនទៀត ដើម្បីបម្រើដល់ផល​ប្រយោជន៍​ប្រជាជន នៃប្រទេសទាំងពីរ ​ដែលជាប់ព្រំដែននឹងគ្នា។

ជាមួយគ្នានោះ ​តបតាមសំណើរបស់សម្ដេចធិបតី ​នាយករដ្ឋមន្ត្រីថៃ នឹង​ពិចារណា​ដោយយកចិត្តទុក​ដាក់បំផុត ចំពោះ​សំណើរ​ឲ្យមា​ន​នីតិវិធីអន្តោប្រវេសន៍ និង​ការ​សម្រួល​នៅតាមព្រំដែន​ប្រសើរ​ជាងមុន ព្រមទាំង​ពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជា ​នៅក្នុងខេត្តសុងក្លា ដើម្បី​ពង្រីក​សេវា​កុងស៊ុល​ ជួយ​ប្រជាពលរដ្ឋកម្ពុជា ​ដែលធ្វើការ ​និងស្នាក់នៅក្នុងភាគខាងត្បូង នៃប្រទេសថៃផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here