ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកវិភាគជាន់ខ្ពស់របស់ទីភ្នាក់ងារវាយតម្លៃ Fitch Ratings បានលើកឡើងថា សេដ្ឋកិច្ចកូរ៉េខាងត្បូង ត្រូវបានគេព្យាករណ៍ថា នឹងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការស្ទុះងើបឡើងវិញ នៅឆ្នាំ២០២៤ ប៉ុន្តែការងើបឡើងវិញនេះ នឹងមានល្បឿនសន្សឹមៗប៉ុណ្ណោះ ។
អ្នកវិភាគរូបនោះបញ្ជាក់ថា “ការស្ទុះងើបឡើងវិញក្នុងល្បឿនដ៏យឺតនេះ អាចបណ្តាលមកពីការធ្លាក់ចុះ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងសេដ្ឋកិច្ចអាមេរិក ដែលបានរារាំងដល់កំណើន នៃការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង”។
លោក Jeremy Zook នាយកផ្នែកវាយតម្លៃប្រចាំនៅស្ថាប័នវាយតម្លៃហានិភ័យ Fitch បានធ្វើការវាយតម្លៃយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មាន Yonhap ក្នុងទីក្រុងសេអ៊ូល ខណៈស្ថាប័ននេះ បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកូរ៉េ សម្រាប់ឆ្នាំនេះ ចំនួន០,២ភាគរយ មកនៅសល់ត្រឹម១,០ភាគរយវិញ និងបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកូរ៉េ សម្រាប់ឆ្នាំ២០២៤ ពី២,៥ភាគរយ មកនៅសល់ត្រឹម២,១ភាគរយវិញ។លោកបន្តថា ប្រទេសកូរ៉េពឹងផ្អែកយ៉ាងខ្លាំង លើការនាំចេញទៅកាន់ប្រទេសចិន ហើយការធ្លាក់ចុះសេដ្ឋកិច្ច នៅក្នុងប្រទេសចិននឹងជះឥទ្ធិពល ដល់អត្រាកំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
យោងតាមអ្នកវិភាគរូបនេះបានឱ្យដឹងទៀតថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក មានភាពធន់ជាងមុននៅឆ្នាំនេះ ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៤។ កូរ៉េខាងត្បូងគឺជាប្រទេស ដែលមានសេដ្ឋកិច្ចពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ ហើយប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មលេខ១ របស់ប្រទេសនេះ បន្ទាប់ពីសហរដ្ឋអាមេរិក។
អ្នកវិភាគក៏បានចាត់ទុកជម្លោះ ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសថា ជាបញ្ហាប្រឈមមួយទៀតសម្រាប់កូរ៉េខាងត្បូងផងដែរ ដោយសារការប៉ះទង្គិចគ្នានេះ អាចជះផលប៉ះពាល់ដល់អត្រាអតិផរណា និងតុល្យភាពពាណិជ្ជកម្ម។
លោក Jeremy Zook បន្ថែមថា “ហានិភ័យដ៏ធំបំផុតសម្រាប់ប្រទេសកូរ៉េ គឺជាអ្វីដែលអាចកើតឡើងចំពោះតម្លៃទំនិញ ដូចជា ប្រេង និងទំនិញថាមពលផ្សេងទៀត ហើយតម្លៃប្រេងដ៏ខ្ពស់នឹងបន្ថែមសម្ពាធដល់អតិផរណា និងការនាំចូលរបស់កូរ៉េ ដូចជាករណីក្នុងពេលផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន”៕