ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋចិន CCTV សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា “នេះជាលើកទី១ ដែលខ្ញុំចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ ហើយខ្ញុំសូមអបអរសាទរ ចំពោះប្រធានាធិបតីលោក ស៊ីជីនពីង និងរដ្ឋាភិបាលចិនសម្រាប់ការរៀបចំវេទិកាមួយនេះដោយជោគជ័យ”។
សម្តេចបន្តថា “កម្ពុជាបានទទួលអត្ថប្រយោជន៍ជាច្រើន ពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវតាមរយៈយុទ្ធសាស្ត្រ អភិវឌ្ឍន៍របស់យើង ដែលផ្សាភ្ជាប់ជាមួយការគាំទ្រ ដែលបានផ្តល់ពីគម្រោង BRI”។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា “BRI ត្រូវបានបង្កើតឡើង ដើម្បីជួយដល់ប្រទេសដទៃទៀត ក្នុងការអភិវឌ្ឍ និងផ្តល់លទ្ធភាព ព្រមទាំងឱកាសសម្រាប់ប្រទេស ដែលមានការអភិវឌ្ឍតិចតួច ជាពិសេសតាមរយៈការផ្តល់ហិរញ្ញប្បទាន ការផ្ទេរបច្ចេកវិទ្យា និងលទ្ធភាពទទួលបានសមត្ថភាព កាន់តែលឿនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវការដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ច”។សម្តេចធិបតីហ៊ុន ម៉ាណែតបានអះអាងថា នៅក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើមនេះ ប្រទេសកម្ពុជាបានទទួល ផលប្រយោជន៍យ៉ាងធំធេងពីគម្រោងBRI ដូចទៅនឹងបណ្តាប្រទេសជាច្រើនផ្សេងទៀតដែរ”។ ជាក់ស្តែង ក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ វាគ្មិន ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីបណ្តាប្រទេសជាច្រើន បានឡើងថ្លែងសុន្ទរកថាអំពីអត្ថប្រយោជន៍ ដែលប្រទេសរបស់ពួកគេ បានទទួលពីគម្រោងBRI ដូច្នេះ កម្ពុជាក៏បានចែករំលែកទស្សនៈ និងបទពិសោធន៍ទាំងនោះផងដែរ។
សម្តេចបញ្ជាក់ថា “ជាឧទាហរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធិផលផ្លែផ្លា កើតចេញពីគំនិតផ្តួចផ្តើម BRI បានផ្តល់អត្ថប្រយោជន៍ មិនត្រឹមតែដល់ក្រុមមនុស្សមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ ដល់មនុស្សគ្រប់គ្នាផងដែរ”។ សម្តេចបន្ថែមថា “នៅក្រោមគំនិតផ្តួចផ្តើមនេះ កម្ពុជាអាចចាប់ផ្តើមទទួលបានអ្នកធ្វើដំណើរ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីរបស់យើង ដែលជាគម្រោងដ៏សំខាន់មួយ ស្ថិតក្រោមគំនិតផ្តួចផ្តើមBRI”។
សម្តេចបានមានប្រសាសន៍ទៀតថា “យើងគាំទ្រគំនិតផ្តួចផ្តើមBRI ដូច្នេះ វឌ្ឍនភាពទាំងនេះ នឹងផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន និងប្រទេសទាំងនោះ រួមទាំងប្រទេសកម្ពុជាផងដែរ ហើយនេះគឺជាអ្វីដែលកម្ពុជាយើងឱ្យតម្លៃ” ។
ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីចិនលោក Li Qiang កាលពីថ្ងៃទី ១៧ តុលា បានប្រកាសគាំទ្រពន្លឿន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវដែក ដែលអាចបើកបររថភ្លើងល្បឿនលឿន នៅក្នុងប្រទេសកម្ពុជាជាលើកដំបូង។
ការប្រកាសយ៉ាងដូចនេះ បានធ្វើឡើងក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសចិន និង បានជួបពិភាក្សាការងារជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីចិន។
អំឡុងពេលនោះ លោក Li Qiang បានថ្លែងប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែតថា ឆ្នាំនេះជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និង កម្ពុជា ហើយវាគឺជាឱកាសមួយ ដើម្បីពន្លឿនការផ្គូរផ្គងគំនិតផ្តួចផ្តើម “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” និង “យុទ្ធសាស្ត្របញ្ចកោណ” ដើម្បីពង្រឹងរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការ “ឆកោនត្បូងពេជ្រចិន-កម្ពុជា” និង ជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។
បើតាមលោក Li Qiang កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន បានទទួលផ្លែផ្កាជាច្រើន ដើម្បីលើកកម្ពស់ការសាងសង់ “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង“ច្រករបៀងត្រី និងស្រូវ” ហើយចិនបានប្រកាសគាំទ្រពន្លឿន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវដែក ដែលអាចបើកបររថភ្លើងល្បឿនលឿន នៅក្នុងប្រទេសកម្ពុជាជាលើកដំបូង និងការដោះស្រាយបញ្ហាទឹកកខ្វក់ និងខ្សែកាបអុបទិក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
ផ្លូវដែកល្បឿនលឿន គឺជាក្តីសុបិនរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ដែលសម្តេច ធ្លាប់បានស្នើឱ្យគ្រប់នាយកដ្ឋានសហការគ្នា ពន្លឿនការសម្រេចឲ្យបាននូវ “ក្តីសុបិនផ្លូវដែកល្បឿនលឿន” នេះឱ្យកាន់តែឆាប់តាមតែអាចធ្វើទៅបាន។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយ លោក ស៊ី ជីនពីង ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន ដោយប្រទេសចិនបានប្រកាសគាំទ្រ ការ សាងសង់ផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា និងការគាំទ្រដល់ការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរបស់កម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ។
ជាមួយគ្នានេះ ដើម្បីជួយកម្ពុជាឱ្យសម្រេចបាននូវ “ក្តីសុបិនផ្លូវដែកល្បឿនលឿន” លោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយចំនួន៣០០លានយ័ន (ប្រហែល៤៥លានដុល្លារអាមេរិក) ដល់កម្ពុជាដើម្បីអនុវត្តផែនការនេះផងដែរ។
បន្ថែមលើពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែតុលា បានជួបជាមួយក្រុមហ៊ុនយក្ស របស់ចិនមួយឈ្មោះថា China Railway Construction Corporation ដោយក្រុមហ៊ុននេះបានប្រកាស គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត ដែលគេដឹងថាជាផ្លូវដែក ដែលអាចបើកបររថភ្លើងល្បឿនលឿនបានដែលជាសេចក្តីប្រាថ្នារបស់កម្ពុជា៕