ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនគមនាគមន៍ និងសំណង់ចិន China Communications Construction Company Limited (CCCC) គឺជាសហគ្រាសមួយរបស់រដ្ឋាភិបាលចិន ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង៥០។
ក្នុងនោះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC (China Road and Bridge Corporation) ក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយផងដែរ ដែលក្រុមហ៊ុននេះ បានធ្វើកិច្ចសហប្រតិបត្តិការលើគម្រោងជាច្រើនជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ដូចជាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។
ជាក់ស្តែង គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ ដោយមានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ផ្លូវល្បឿនលឿនខ្សែទីពីរ ភ្នំពេញ-ក្រុងបាវិតនេះ គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ១,៣៥ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន៥០ឆ្នាំ ដោយក្នុងនោះ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និង៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។
ជាមួយគ្នានេះ កាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងភាគីកម្ពុជា ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ នៃគម្រោង “ព្រែកជីកហ្វូណនតេជា”ផងដែរ។
តាមរយៈការចុះហត្ថលេខានេះ វាបានអនុញ្ញាតឱ្យក្រុមហ៊ុន CRBC អាចសិក្សាយ៉ាងលម្អិត លើគ្រប់ទិដ្ឋភាពទាំងអស់ពាក់ព័ន្ធនឹងគម្រោងនេះ ក្នុងរយៈពេល៨ខែ ហើយការចុះហត្ថលេខានាពេលនេះ គឺជាការបោះជំហាន ទៅរកភាពជោគជ័យមួយកម្រិតទៀត លើគម្រោងដឹកជញ្ជូនតាមផ្លូវដឹកដ៏ធំរបស់កម្ពុជា។យោងតាមការសិក្សាបានបង្ហាញថា គម្រោងផ្លូវទឹកដ៏ធំនេះមានប្រវែង១៨០គីឡូម៉ែត្រ ដោយចាប់ផ្ដើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកែប ដោយឆ្លងកាត់ខេត្ដចំនួន៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដកែប ដោយគម្រោងនេះនឹងត្រូវចំណាយថវិកាសាងសង់ប្រមាណ១.៧០០លានដុល្លារ។
លើសពីនេះ ក្រុមហ៊ុន CCCC គឺជាអ្នកម៉ៅការសម្រាប់គម្រោង Belt and Road Initiative ជាច្រើន ហើយវាត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីFortune Global 500 កាលពីឆ្នាំ២០១៦។ក្រុមហ៊ុន CCCC ផ្តោតជាសំខាន់លើឧស្សាហកម្មវិស្វកម្ម និងសំណង់ ដោយគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន កាន់កាប់ភាគហ៊ុនចំនួន៦៣,៨% នៅក្នុងក្រុមហ៊ុននេះ។ក្រុមហ៊ុន CCCC ត្រូវបានបង្កើតឡើងជាផ្លូវការ ក្នុងឆ្នាំ២០០៥ តាមរយៈការរួមបញ្ចូលគ្នា នៃសាជីវកម្មស្ពានថ្នល់ចិន China Road and Bridge Corporation (CRBC) និងក្រុមហ៊ុនChina Harbor Engineering Company (CHEC) ដែលផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវសមុទ្ររៀងៗគ្នា។ កាលពីឆ្នាំ២០០៦ ក្រុមហ៊ុននេះបានចុះបញ្ជីភាគហ៊ុន នៅលើផ្សារហ៊ុនហុងកុង និងបានចុះបញ្ជីភាគហ៊ុន នៅលើផ្សារហ៊ុនសៀងហៃក្នុងឆ្នាំ២០១២។
ទន្ទឹមគ្នានេះ ក្រុមហ៊ុនCCCC ក៏បានចូលរួមពាក់ព័ន្ធក្នុងគម្រោងជាច្រើន ដូចជា ការបូមខ្សាច់នៅតំបន់ជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ការសាងសង់ផ្លូវហាយវេ នៅតំបន់ស៊ីនជាំង និងការសាងសង់ការដំឡើងភស្តុភារកងទ័ពជើងទឹកនៅកំពង់ផែ Gwadar៕