Hattha top Banner

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតា និងធម្មនន្ទ ដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ក្នុងឧទ្យានបុរាណវិទ្យាអង្គរ ដែលស្ថិតនៅភាគពាយ័ព្យនៃខេត្តសៀមរាប។

នេះបើយោងតាមសារពត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។
លោក ខឿន កុសល់ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទចៅសាយទេវតា ធម្មនន្ទ និងខ្លោងទ្វារជ័យ បានអះអាងថា ខ្សែទស្សនាថ្មីនេះអាជ្ញាធរជាតិអប្សរាបានរៀបចំជាពីរខ្សែ ដោយខ្សែទី១ គឺមានចម្ងាយខ្លី ដែលភ្ញៀវអាចឈប់យានជំនិះនៅផ្នែកខាងជើង និងដើរចូលតាមច្រកខាងកើត ប្រាសាទចៅសាយទេវតា ហើយចេញតាមច្រកខាងជើងដដែល។ ចំណែកខ្សែទី២ ជាខ្សែទស្សនាវែង ដែលភ្ញៀវចាប់ផ្តើមចូលទស្សនានៅប្រាសាទធម្មនន្ទ ដើរចូលតាមសួនបណ្ដុះកូនឈើប្រាសាទតាកែវ និងចូលតាមច្រកខាងកើតប្រាសាទចៅសាយទេវតា។យោងតាមការបញ្ជាក់ពីលោក ខឿន កុសល់ បានឱ្យដឹងថា ការរៀបចំនេះគឺដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ ឱ្យកាន់តែងាយស្រួល ពិសេសធ្វើឱ្យការទស្សនាមានភាពលម្អិត និងគ្រប់ជ្រុងជ្រោយ ខណៈដែលកន្លងមក ភ្ញៀវចូលទស្សនារបៀបសេរី មិនមានគោលដៅចាប់ផ្តើម និងបញ្ចប់ត្រឹមត្រូវនោះទេ។ បច្ចុប្បន្នវង់ទស្សនានេះបានដាក់ឱ្យដំណើរការហើយ ចំណែកភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទនេះ កំពុងរៀបចំ និងកែលម្អ ចាក់ដីបំពេញជង្ហុគខ្លះ ដើម្បីឱ្យការដើររបស់ភ្ញៀវមានភាពងាយស្រួល។ប្រាសាទចៅសាយទេវតា ត្រូវបានកសាងឡើងនៅចុងសតវត្សទី១១ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។ ដ្បិតជាប្រាសាទតូច តែប្រាសាទចៅសាយទេវតាមានក្បួនក្បាច់ចម្លាក់ជាច្រើនមិនចាញ់ប្រាសាទធំប៉ុន្មាននោះទេ និងមានស្ពានហាលដ៏ទាក់ទាញនៅច្រកចូលខាងកើត ដែលភ្ញៀវទេសចរអាចផ្ដិតរូបភាពនៅទីនោះបាន។

ប្រាសាទចៅសាយទេវតា គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទដែលបាក់បែកក្នុងសម័យអង្គរ ហើយត្រូវបានជួសជុលដោយក្រុមបុរាណវិទ្យាចិនចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៨។ ឧទ្យានបុរាណវិទ្យាអង្គរទំហំ៤០១គីឡូម៉ែត្រការ៉េ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here