ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង៧របស់អាមេរិក បាត់បង់តម្លៃទីផ្សារចំនួន៣៨៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣

0

តែម សុខុម

គូឡាឡាំពួៈ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង៧ (Magnificent Seven) ដែលបានជួយឱ្យភាគហ៊ុនអាមេរិក ក្នុងឆ្នាំនេះហក់ឡើងខ្ពស់ បានបាត់បង់តម្លៃទីផ្សារចំនួន៣៨៦ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៧ ខែតុលា។

ក្រុមហ៊ុន Alphabet Inc ដែលជាក្រុមហ៊ុនមេរបស់ Google ក្រុមហ៊ុន Tesla Inc ក្រុមហ៊ុន Meta Platforms Inc ដែលជាក្រុមហ៊ុនមេរបស់ Facebook និងក្រុមហ៊ុន Microsoft Corp សុទ្ធតែបានដាំក្បាលចុះជាប់តាំងពីបញ្ចេញរបាយការណ៍ប្រាក់ចំណេញរបស់ខ្លួនមក។ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon.com Inc ក៏បានដាំក្បាលចុះនៅក្នុងការជួញដូរ បន្ទាប់ពីបញ្ចេញលទ្ធផលប្រាក់ចំណូលរបស់ខ្លួន ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សពីរទៀតគឺក្រុមហ៊ុន Apple Inc និងក្រុមហ៊ុន Nvidia Corp នឹងត្រូវដល់ពេលបញ្ចេញរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួននៅខែក្រោយ។ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង៧នេះបានក្លាយជាចំណុចលេចធ្លោប្រចាំឆ្នាំនៅក្នុងផ្សារហ៊ុន ដោយការចាប់អារម្មណ៍យ៉ាងពុះកញ្ជ្រោលទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បានធ្វើឱ្យក្រុមហ៊ុនទាំងនេះចំណេញកប់ក្ដោង។

ទោះជាយ៉ាងណា សុទិដ្ឋិនិយមបានសាបរលាភទៅវិញដោយសារតែអត្រាការប្រាក់ហក់ឡើងកាន់តែខ្ពស់ និងវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដោយធ្វើឱ្យផ្សារហ៊ុនអាមេរិក S&P 500 ធ្លាក់ចុះ៩,៨%ពីកម្រិតកំពូលរបស់ខ្លួនក្នុងឆ្នាំ២០២៣៕ The Edge Market៕

LEAVE A REPLY

Please enter your comment!
Please enter your name here