ដោយ: គង់ លាងហួរ
កំពង់ស្ពឺ: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ប្រទេសកម្ពុជាកំពុងសម្រេចបាននូវវឌ្ឍនភាពល្អឆ្ពោះទៅសម្រេចបាននូវគោលដៅគ្មានមីននៅឆ្នាំ២០២៥។
សម្តេចបានថ្លែងសុន្ទរកថា ក្នុងពេលប្រកាសខេត្តកំពង់ស្ពឺជាខេត្តគ្មានមីនទី១៣ថា“គិតរហូតមកដល់ពេលនេះ ខេត្តចំនួន១៣ ក្នុងចំណោម២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជាត្រូវបានប្រកាសថាជាខេត្តគ្មានមីន ហើយយើងកំពុងស្ថិតនៅលើផ្លូវដើម្បីសម្រេចបាននូវគោលដៅគ្មានមីននៅឆ្នាំ២០២៥”។
ខេត្តដែលគ្មានមីនចំនួន១២ផ្សេងទៀត គឺរាជធានីភ្នំពេញ ស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ និង កំពត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ និងម្ចាស់ជំនួយ ឱ្យបន្តជួយប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យគ្មានមីននេះផងដែរ។
កម្ពុជា ជាប្រទេសមួយក្នុងចំណោម ប្រទេសដែលរងគ្រោះខ្លាំងជាងគេ ដោយគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម (ERWs)។ យោងតាមការប៉ាន់ប្រមាណបង្ហាញថា គ្រាប់មីនចន្លោះពី៤លានទៅ៦លានគ្រាប់ និងគ្រាប់មីនផ្សេងទៀតត្រូវបានបន្សល់ទុកពីសង្គ្រាមរយៈពេល៣ទសវត្សរ៍ និងជម្លោះផ្ទៃក្នុងដែលបានបញ្ចប់ក្នុងឆ្នាំ១៩៩៨។
លោក លី ធុច អនុប្រធានទី១ នៃអាជ្ញាធរសកម្មភាពកម្ចាត់មីនកម្ពុជា (CMAA) មានប្រសាសន៍ថា ចាប់ពីឆ្នាំ១៩៧៩ ដល់ខែសីហា ឆ្នាំ២០២៣ គ្រាប់មីន និង ERW បានសម្លាប់មនុស្សចំនួន១៩.៨២២នាក់ និងរបួស ឬកាត់ផ្តាច់មនុស្សចំនួន៤៥.២០៩នាក់ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនអ្នកស្លាប់ និងរបួសខ្ពស់បំផុត។
លោកបានបន្តថា ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ន ផ្ទៃដីទំហំ២.៧៩៥គីឡូម៉ែត្រការ៉េត្រូវបានបោសសម្អាតមីន និង ERW ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណ១១លាននាក់។ លោក លី ធុច បានបន្ថែមថា “កម្ពុជានៅតែត្រូវការលុបបំបាត់ដីដែលនៅសល់ចំនួន៥៣៨គីឡូម៉ែត្រការ៉េដែលមានមីននៅត្រឹមឆ្នាំ២០២៥”៕






