ដោយៈ ហ្វីអូណា
ភ្នំពេញៈ ក្នុងជំនួបការងារនៅទីស្តីការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន KOMATSU បានប្រាប់អំពីបំណង ចង់មានកិច្ចសហការ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាឱ្យមានភាពរីកចម្រើន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា លោករដ្ឋមន្រ្តី ឌិត ទីណា បានស្វាគមន៍ចំពោះចេតនា ចង់មានកិច្ចសហការក្នុងការចូលរួមអភិវឌ្ឍន៍ វិស័យកសិកម្មកម្ពុជារបស់ក្រុមហ៊ុនជប៉ុន។
លោកបានគូសបញ្ជាក់ថា ស្ថានភាពវិស័យកសិកម្មកម្ពុជា គឺមិនមានបញ្ហាក្នុងការផលិត (Upstream) នោះទេ តែកម្ពុជាកំពុងយកចិត្តទុកដាក់ ក្នុងការបោះជំហានធ្វើឱ្យប្រសើរឡើង លើកែច្នៃផលិតផលកសិកម្ម (Downstream) សម្រាប់ការនាំចេញតាមស្តង់ដាគោលនយោបាយ ដើម្បីទទួលបានតម្លៃបន្ថែមលើផលិតផល និងប្រាក់ចំណេញ។
លោករដ្ឋមន្រ្តី ដៃគូអភិវឌ្ឍន៍ត្រូវធ្វើការសិក្សា ឱ្យបានច្បាស់លាស់ និងប្រើប្រាស់ថវិកាឱ្យចំទិសដៅ ស្របតាមគោលនយោបាយរបស់ក្រសួង ដើម្បីមានការគាំទ្រ សហការ និងផ្តល់ប្រយោជន៍ដល់កសិករ ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាពពិតប្រាកដ។
លោករដ្ឋមន្ត្រីឌិត ទីណាបានបញ្ជាក់ថា គោលនយោបាយវិស័យកសិកម្មថ្មី កំពុងផ្តោតយកចិត្តទុកដាក់ ជំរុញសហគមន៍កសិកម្មគម្រូថ្មី បន្ទាប់ពីបានចាប់ផ្តើម និងបន្តការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីផ្ដល់ការគាំទ្រដល់កសិករ ក្នុងដាំដុះកសិផលសម្រាប់ទីផ្សារក្នុងទ្រង់ទ្រាយធំ (Scale Economy)។
ភាគីទាំងពីរបានលើកឡើង អំពីការបន្តកិច្ចសហការបន្ថែមទៀត ហើយភាគីក្រុមហ៊ុន នឹងធ្វើការសិក្សាឱ្យបានច្បាស់លាស់ ដើម្បីឱ្យការវិនិយោគចំទិសដៅ ឆ្លើយតបនឹងតម្រូវការពិតប្រាកដ៕