Hattha top Banner

អ្នកវិនិយោគចិនចាប់ផ្តើមហូរចូលទៅកាន់ខេត្តព្រះសីហនុ ឡើងវិញបណ្តើរៗ

0

        ដោយៈ គង់ សូរិយា

        ព្រះសីហ​នុៈ អ្នកវិនិយោគចិនបានចាប់ផ្តើមហូរចូល ទៅកាន់ខេត្តព្រះសីហនុបណ្តើរ ខណៈដំណោះស្រាយចំពោះអាគារជាប់គាំងនឹងចាប់ផ្តើមផ្សព្វផ្សាយនាថ្ងៃនេះ។

កាលពីរសៀលថ្ងៃទី២៣ តុលា លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីង ដឹកនាំដោយលោក Wang Mingyu (វ៉ាង មីងយូ) អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោបាយប្រជាជនចិន នៃខេត្តលីវនីង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលរងក្រុងព្រះសីហនុ ប្រធានមន្ទីរពាក់ព័ន្ធ និងលោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ។

លោកគួច ចំរើនបានអរគុណ លោក Wang Mingyu (វ៉ាង មីងយូ) ដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ច នៅខេត្តព្រះសីហនុ ក្នុងបរិយាកាសល្អកម្ពុជា-ចិន និងស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិននាពេលថ្មីៗនេះ ព្រមទាំងបានជួបថ្នាក់ដឹកនាំចិន និងក្រុមហ៊ុនធំៗនៅក្នុងប្រទេសចិនថែមទៀតផង ហើយដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងកិច្ចសហប្រតិបត្តិការខេត្តលីវនីង (សាធារណរដ្ឋប្រជាមានិតចិន) ជាមួយខេត្តព្រះសីហនុ ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ទេសច​រណ៍កាន់តែរីកចម្រើនបន្ថែមទៀត។គណៈប្រតិភូវិនិយោគនេះ បានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុនាពេលខាងមុខ។

លោកគួច ចំរើនបានជំរាបជូន ពីស្ថានភាពភូមិសាស្ត្ររបស់ ខេត្តព្រះសីហនុ មានភូមិសាស្ត្រប្រហាក់ប្រហែកគ្នា ជាមួយខេត្តលីវនីង ជាខេត្តតំបន់ឆ្នេរ មានកំពង់ផែអន្តរជាតិទឹកជ្រៅ មានឆ្នេរសមុទ្រ១៧៥គីឡូម៉ែត្រ កោះ ៣២ យើងក៏បានកសាងកំពង់ផែទឹកជ្រៅ ស្រូបយកការដឹកជញ្ជូនក្នុងរង្វង់៧០ភាគរយ នៃទំនិញចេញចូលកម្ពុជា។អភិបាលខេត្ត បានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងគោលដៅប្រើប្រាស់ដីធ្លី និងតម្រង់ទិសខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស បច្ចុប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសតូចៗចំនួន១០ រាជរដ្ឋាភិបាលផ្តល់ភាពងាយស្រួល ដល់អ្នកវិនិយោគ និងមានគោលនយោបាយ សម្រាប់អ្នកវិនិយោគ និងទាក់ទាញភ្ញៀវទេសចរណ៍ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តលីវ នីង និងបន្ថែមទំនាក់ទំនង សម្រាប់តំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ។

លោក Wang Mingyu (វ៉ាង មីងយូ) អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោបាយប្រជាជនចិន នៃខេត្តលីវនីង (ប្រទេសចិន) បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ បានស្វាគមន៍គណៈប្រតិភូខេត្តលីវនីង ធ្វើទស្សកិច្ចនៅខេត្តព្រះសីហនុ ការធ្វើទស្សនកិច្ចរបស់គណៈប្រតិភូផ្តោតសំខាន់ នៅខេត្តព្រះសីហនុ ស្របពេលដែលទំនាក់ទំនងការទូតចិន-កម្ពុជា៦៥ឆ្នាំ និងខួប១០ឆ្នាំ គោលនយោបាយ ផ្លូវ និងខ្សែក្រវ៉ាត់ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីពេលថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំ ផ្លូវ និងខ្សែក្រវ៉ាត់នៅសា​ធារណរដ្ឋប្រជាមានិតចិន ធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាព ដែកថែប ហើយចំណងទំនាក់ទំនងចិន-កម្ពុជា កាន់តែល្អថែមទៀតនៃកិច្ចប្រជុំវេទិការ ផ្លូវ និងខ្សែក្រវ៉ាត់។

លោកបន្ថែមថា កាលពីឆ្នាំ២០១៩ គណៈប្រតិភូខេត្តលីវនីងបានធ្វើទស្សនកិច្ចខេត្តព្រះសីហនុ និងបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុ និងក៏បានចងសម្ព័ន្ធមេត្រីភាព ជាមួយក្រុងព្រះសីហនុផងដែរ ដំណើរទស្សនកិច្ចនាពេលនេះ និងជួយជំរុញអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ឱ្យមានការអភិវឌ្ឍកាន់តែលឿន យើងនឹងខិតខំសិក្សាជំរុញការគ្រប់គ្រង តំបន់សេដ្ឋកិច្ចឱ្យបានល្អ ព្រមទាំងសូមអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅទស្សនកិច្ចខេត្តលីវនីងផងដែរ។

កាលពីដើមខែតុលានេះ មហាសេដ្ឋីអចលនទ្រព្យចិន លោក វ៉ាង ហ្ស៊ី (Wang Shi) និងអ្នកធុរកិច្ចចិនប្រមាណ៥០ក្រុមហ៊ុន បានមកទស្សនា និងសិក្សាស្វែងយល់ ពីឱកាសវិនិយោគនៅកម្ពុជា ពិសេ​សក្រុងព្រះសីហនុកាលពីសប្តាហ៍មុន។

លោកបានជួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជា និងបានសិក្សាពីសក្តានុពលនៅខេត្តព្រះសីហនុ ដោយប្រតិភូរបស់លោក កំពុងចាប់អារម្មណ៍ និងចូលរួមសង្រ្គោះអាគារជាប់គាំងឡើងវិញ ប៉ុន្តែថាតើពេលណាពួកគេនឹងចាប់ផ្តើម ចាប់ផ្តើមដោយរបៀបណា និងបោះទុនយ៉ាងដូចម្តេច មិនទាន់មានព័ត៌មានលំអិតនៅឡើយទេ។

តាមរយៈសារព័ត៌មានក្នុងស្រុកមួយបានអះអាងថា វត្តមានរបស់មហាសេដ្ឋីចិនរូបនេះ អាចជាក្តីសង្ឃឹមថ្មីមួយទៀត សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងឥទ្ធិពលសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេស​ចិន កាលពីពេលថ្មីៗនេះ សម្តេចធិបតីហ៊ុន ម៉ាណែតបានជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំៗជាច្រើន ដើម្បីទាក់ទាញក្រុមហ៊ុនទាំងនោះ ​បង្កើនការវិ​និយោគ និងមកវិនិយោគនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here